ខេត្តស្វាយរៀង៖ កូនកំលោះម្នាក់ដែលគេដឹងថា មិនទាន់បានក្រេបទឹកឃ្មុំក្នុងយប់ផ្សំដំណេផងត្រូវភ្ញៀវដែលចូលទៅហូបការភាគច្រើនជាក្មេងស្ទាវប្រើប្រនង់វាយឲ្យបែកក្បាលដេរ១៥ថ្នេរ បង្កឲ្យភ្ញៀវឯទៀតរត់ជាន់ជើងគ្នា ខ្លះភ្លេចចំណងដៃ។
ករណីហិង្សានៅក្នុងពីធីមង្គលការរវាងកូនកំលោះ និងភ្ញៀវនេះបានកើតនៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំស្វាយយាន ស្រុកកំពង់រោទិ៍ហើយក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅបង្អែកជីភូ។
មន្រ្តីនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្ញៀវវាយឲ្យបែកក្បាលឈ្មោះ កុត សូនី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យស់ សុភត្រា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាល់ថ្នល់ ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈដែលបក្ខពួកជនសង្ស័យសុទ្ធសឹងជាក្មេងស្ទាវច្រើននាក់ទៀតបានរត់គេចខ្លួន។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ កូនកំលោះ និងកូនក្រមុំ បានឈរទទួលភ្ញៀវប្រុសស្រីយ៉ាងរលូន។ លុះក្រោយមក ភ្ញៀវបានចូលរោងហូបអាហារប្រព្រឹត្តទៅដោយសម្បាយរីករាយ ហើយកូនកម្លោះ បានដើរទទួលពរជ័យពីភ្ញៀវតាមតុត្រូវបានភ្ញៀវលើកកែវឲ្យកូនកម្លោះផឹកដាច់មួយកែវៗដើម្បីស្វាគមន៍អាពាហ៍ពិពាហ៍ថ្មី។ សាក្សីបានបន្តថា បន្ទាប់មកទៀតតន្រ្តីបានប្រគុំកាន់តែរន្ថាន់ឡើង ហើយគេក៏បានឃើញកូនកំលោះទំនងជាស្រវឹងស្រឿងៗដែនោះ ក៏ចូលទៅរាំលេង ទើបមានកើតជម្លោះឡើងតែម្តង។ ការឈ្លោះប្រកែកគ្នានេះ អាចបណ្តាលមកពីនៅពេលរាំ មានការជាន់ជើងគ្នាបន្តិចបន្តួចស្របពេលដែលភ្ញៀវដែលជាក្រុមជនដៃដល់ក៏ស្រវឹង កូនកំលោះក៏ស្រវឹងស្រឿងៗ ទើបកើតអំពើហិង្សាវាយគ្នាតែម្តង។
បច្ចុប្បន្នជនសង្ស័ម្នាក់ក្នុងចំណោមបក្ខពួកច្រើនអ្នកទៀតត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីបន្តនីតិវិធី និងតាមចាប់ខ្លួនបក្ខពួកឯទៀតយកទៅផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ យឹម សុថាន