ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី១១នាក់ដែលជាប់ពាក់ព័ន្ធនិងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនរួមនិងថ្នាំញៀន៧កញ្ចប់ធំ។
ដើម្បីឆ្លើយតបនិងគោលការណ៍របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅដើមឆ្នាំ២០១៧នេះ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការណ៍បង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹម ជាក់ស្តែងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ខែមករា ឆ្នាំ ២០១៧ កម្លាំងនគរបាលខណ្ឌសែនបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់បន្តទៀតដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការនិងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ ក្នុងនោះមានស្រីម្នាក់ ហើយដកហូតបានថ្នាំញៀន៧កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។
បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
...
ដោយ៖ តុង សីហា