ភ្នំពេញ៖ លោកឧកញ៉ា រត្ន័ សាខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ដែលនឹងដំណើរការ នៅខេត្តសៀមរាបមានរយៈពេល៣ថៃ្ងចាប់ពីថៃ្ងទី១២ រហូតដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧ មានប្រទេសចំនួន៨បានបញ្ជូនអត្តពលិកចូលរួមប្រកួតដូចជាប្រទេស វៀតណាម ថៃ ហ្វុីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូ នេស៊ី ឡាវ ប្រ៊ុយណេ និង ម្ចាស់ផ្ទះកម្ពុជា។
លោកបានបញ្ជាក់បន្ថែមថា មូលហេតុដែលសហព័ន្ធបានជ្រើសរើសទីតាំងខេត្តសៀមរាបប្រារព្ធកម្មវិធីបើកនិងប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍លើកទី៤ ព្រោះសហព័ន្ធយល់ ឃើញថា ប្រតិភូកីឡាដែលមកពីបណ្តា ប្រទេសផ្សេងៗ អាចបានចូលទស្សនា ប្រាសាទអង្គរវត្តក្រោយបញ្ចប់បេសកកម្ម របស់ពួកខ្លួន ម្យ៉ាងវិញទៀតប្រតិភូកីឡា ទាំងអស់ចង់មកប្រកួតនៅកម្ពុជា ព្រោះប្រាថ្នាចង់ទស្សនាអង្គរវត្ត។
លោកឧកញ៉ាបានបន្តថា ការប្រកួតនៅលើទឹកដីប្រវត្តិសាស្ត្រ មិនត្រឹមតែអាចទាក់ទាញចំណាប់អារម្មណ៍កីឡាករកីឡាការិនី ឲ្យចង់មកប្រកួតនៅព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងចំណោមកីឡាករកីឡាការិនីទាំងនេះក៏អាចនាំមកបងប្អូន កូនចៅមកជួយគាំទ្រលើកទឹកចិត្តផង និង បានដើរទស្សនានូវប្រាសាទបុរាណខ្មែរដែលមនុស្សនៅលើសកលលោកប្រាថ្នាចង់មកកម្សាន្តនោះ ។
គួររំលឹកថា ការប្រកួតជើងឯកអាស៊ី អាគ្នេយ៍នេះបានរៀបចំ៣លើករួចមកហើយ ដោយលើកទី១ នៅរាជធានីភ្នំពេញលើកទី២នៅសៀមរាបលើកទី៣នៅប្រទេស មីយ៉ាន់ម៉ា និងលើកទី៤នេះ នៅខេត្តសៀម រាប៕
ដោយ៖ សារីម