ខេត្តកណ្តាល៖ យុវជនម្នាក់ជានិស្សិតរៀននៅសាកលវិទ្យាល័យន័រតុនត្រូវបានរថយន្តបែកដឹកដីកិនបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម រីឯនារីជាសង្សាររងរបួសស្រាល បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូជិះស្របគ្នា ហើយដួលបោកទៅលើស្ពានត្រូវរថយន្តកិនបន្ថែម ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចលើស្ពានដែក ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរៀប ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលចរាចរស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះសៀង ម៉ាណែតតូម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជានិស្សិត មានទីលំនៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ1BQ-4891 រីឯនារីជាសង្សារឈ្មោះប៊ុន រតនា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ3C-7230 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើនេះបើកម៉ូតូឌុបនារីជាសង្សារតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ខណៈបើកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានប៉ះដៃចង្កូតជាមួយម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យដួលនៅលើស្ពានដែក ស្របពេលនោះរថយន្តបែនដឹកដីបើកមកដល់កិនពីលើជនរងគ្រោះជាអ្នកបើកបរម៉ូតូដែលមានពាក់មួកការពារសុវត្ថិភាព បែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម ។ ដោយឡែកនារីជាសង្សារដែលរួមដំណើរជាមួយរងរបួសស្រាល ដោយសារតែមិនត្រូវបានរថយន្តកិនពីលើដូចបុរសជាសង្សារ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដីបានរត់គេចខ្លួនបាត់ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ