សម្តេច ហេង សំរិន ស្នើរសមាគម មិត្តភាពសភាជប៉ុន-មេគង្គ ជំរុញអ្នកទេសចរ និងអ្នកវិនិយោគជប៉ុន មកកម្ពុជាឲ្យកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ នៅពេលអនុញ្ញាតឲ្យគណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន ដឹកនាំដោយ លោក រីហ្សិអុណូយ៉ា (Ryu SHIONOYA) ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់គណៈប្រតិភូជួយជំរុញ និងផ្សព្វផ្សាយដល់អ្នក វិនិយោគ និងអ្នកទេសចរណ៍ ប្រទេសជប៉ុន មកបណ្តាក់ទុន និងកម្សាន្ត នៅកម្ពុជាឲ្យបានច្រើនថែមទៀត ដែលជាផ្នែកសំខាន់មួយក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងផ្តល់ការងារដល់ពលរដ្ឋខ្មែរឲ្យកាន់តែច្រើន។

គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន ដែលមាន លោក រី ហ្សិអុណូយ៉ា ជាប្រធាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំស្តីពីសកម្មភាពក្រុមមិត្តភាពសភាជប៉ុន-មេគង្គនេះ និងត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា។

លោកប្រធានគណៈប្រតិភូ បានគាំទ្រការស្នើឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំជំរុញអ្នក វិយោគនិងទេសចររបស់ប្រទេសជប៉ុន មកកម្ពុជាឲ្យបានច្រើនឡើង។ លោក បានគូសបញ្ជាក់ថា សំណើ របស់សម្តេចប្រធានស្របទៅនឹងគោលបំណង នៃបេសកកម្មក្រុមមិត្តភាពសភាជប៉ុន-មេគង្គ ដែលបង្កើតឡើង ដើម្បីជំរុញចរន្តពាណិជ្ជកម្ម សេដ្ឋកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស នៃបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ។

សូមជម្រាបថា ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ បានបង្កើតឡើងនៅឆ្នាំ២០១៥។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បានស្វាគមន៍ចំពោះ ឯកឧត្តម រូហ្សិអុណូយ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ព្រមទាំងសមាជិកគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

“វត្តមានរបស់គណៈប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តលើកកម្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងចំណងមិត្តភាពស្អិតរមួតរវាងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ដែលមានជាយូរលង់មកហើយ ឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

សម្តេចចក្រី បានមានប្រសាសន៍បន្តថា ចាប់តាំងពីឆ្នាំ២០១៣ ដែលប្រទេសកម្ពុជា និងជប៉ុន បានសម្រេចតម្កើន កម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូរ យុទ្ធសាស្រ្ត” រួចមក ឃើញថាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេស ទាំងពីរ បានប្រព្រឹត្តទៅយ៉ាងរលូន នៅគ្រប់កម្រិត គ្រប់វិស័យ កាន់តែមានភាពរស់រវើក និងស៊ីជម្រៅ បានប្រែក្លាយជាលទ្ធផលជាក់ស្តែងយ៉ាងច្រើនឥតគណនា សំដៅរួមចំណែកអភិវឌ្ឍកម្ពុជា។

សម្តេចបន្តថា ជាមួយគ្នានេះ ទំនាក់ទំនងនៃសភាប្រទេសទាំងពីរ ដែលបានចាប់ផ្តើមឡើងនៅក្នុងទស្សវត្សរ៍ឆ្នាំ៩០ ក៏មានការរីកចម្រើនជាលំដាប់ លើកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ ទាំងក្នុងក្របខណ្ឌទេ្វរភាគី និងពហុភាគី។

សូមជម្រាបថា ជប៉ុនជាប្រទេសមួយស្ថិតនៅក្នុងលេខរៀងទី១ ដែលមានអ្នកវិយោគទុន មកបណ្តាក់ទុននៅកម្ពុជាក្នុងឆ្នាំ២០១៦។ ជាមួយការប្តេជ្ញាចិត្តថានឹងខិតខំទាក់ទាញអ្នក វិយោគទុនមកបណ្តាក់ទុននៅកម្ពុជាឲ្យច្រើន គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-ទន្លេមេគង្គ ក៏បានសរសើរពីសក្តានុពលនិងទីតាំងភូមិសាស្រ្តរបស់កម្ពុជាផងដែរ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នេះ៕

...

IMG_2892 IMG_2893 IMG_2894 IMG_2895

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print