ខេត្តកណ្តាល៖ រថយន្តសាមុយដឹកសាកសពស្ត្រីម្នាក់ត្រូវបានម្ចាស់អាជីវកម្មកំពង់ទូកដរព្រែកតាព្រីង-កោះអន្លង់ចិន បដិសេធមិនព្រមចម្លង កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧ ខណៈដែលមានវត្តមានអ្នកកាសែតចុះទៅថតផ្តិតយករូបភាព និងព័ត៌មាន ទើបម្ចាស់អាជីវកម្មអនុញ្ញាតិឲ្យកម្មករបើកទូកលើកក្តាចម្លងរថយន្តដឹកសាកសពជនរងគ្រោះទៅធ្វើបុណ្យ ។
សាច់ញាតិសាកសពជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយើងថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៥ មករា ២០១៧ ជនរងគ្រោះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឯសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទើបក្រុមគ្រួសារសាច់ញាតិសម្រេចដឹកសាកសពស្ត្រីរងគ្រោះតាមរថយន្តសាមុយ មកធ្វើបុណ្យនៅឯលំនៅដ្ឋាននៅឃុំកោះអន្លង់ចិន ស្រុកស្អាងវិញ ។ ពេលមកកំពង់ដរព្រែកតាព្រីងបម្រុងបើកចុះឆ្លងទូកស្រាប់តែមានកម្មករបើកទូកចេញមុខមកហាម មិនឲ្យអ្នកបើកបររថយន្តសាមុយបើកចុះដរ ព្រោះម្ចាស់អាជីវកម្មមិនអនុញ្ញាតិឲ្យឡានដឹកសាកសពឆ្លងនោះទេ ។
សាច់ញាតិជនរងគ្រោះបានបន្តទៀតថា បើទោះបីជាពួកគាត់និយាយអង្វរម្ចាស់អាជីវកម្មទូកដរនេះយ៉ាងណា ក៏គេនៅតែមិនអនុញ្ញាតិឲ្យឆ្លង រហូតធ្វើឲ្យពួកគាត់ទ្រាំលែងបានទំនាក់ទំនងមកកាន់អ្នកកាសែតឲ្យចុះយកព័ត៌មានពីទង្វើរបស់ម្ចាស់អាជីវកម្មទូកដរមួយនេះ ។ គ្រាដែលវត្តមានអ្នកកាសែតចុះទៅដល់ថតយករូបភាព ស្រាប់តែម្ចាស់អាជីវកម្មប្តូរឥរិយាបថ អនុញ្ញាតិឲ្យរថយន្តដឹកសាកសពឆ្លងវិញ ។ ពាក់ព័ន្ធករណីនេះដែរអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មទូកដរនេះបានទេ ដោយសារតែម្ចាស់អាជីវកម្មមួយនេះមិននៅទីតាំង គ្រាន់តែបញ្ជាកម្មករតាមទូរស័ព្ទ។
ប្រជាពលរដ្ឋ ដែលចោមរោមមើល បាននាំគ្នានិយាយថា នេះមិនមែនជាលើកទី១នោះទេ ដែលម្ចាស់ទូកដរធ្វើដូច្នេះ គឺយូរមកហើយ ឱ្យតែដឹកសាកសព គឺគេបដិសេធន៍មិនព្រមចម្លងដាច់ខាត ។ ទង្វើបែបនេះធ្វើឱ្យពួកគាត់ដែររស់នៅលើកោះមានការលំបាកណាស់ នៅពេលដែលមានសាច់ញាតិស្លាប់ ត្រូវដឹកយកមកធ្វើបុណ្យនៅផ្ទះ គឺត្រូវជួលទូកគេដឹកក្នុ ងតម្លៃថ្លៃ ។ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យលើករណីនេះផង ៕ ស្អាងជ័យ