ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅប្រាសាទអង្គរវត្តឆ្នាំ២០១៧នេះ មានអ្នកចូលរួមប្រមាណ៥០០នាក់ គឺកើនឡើងជិត២ដងកាលពីឆ្នាំ២០១៦កន្លងទៅ។ នេះបើតាមការលើកឡើងរបស់លោក ហ្សង់ ឃ្លោក អ្នកផ្តួចផ្តើមកម្មវិធី Angkor Ultral Trail ក្នុងសន្និសីទ សារព័ត៌មាននាព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក ហ្សង់ ឃ្លោក បានឲ្យដឹងថា គិត ត្រឹមថ្ងៃនេះគណៈកម្មការរៀបចំការប្រកួត បានទទួលការចុះឈ្មោះរបស់អ្នករត់ ប្រណាំងចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ ប្រមាណ៥០០នាក់រួចហើយ ក្នុងចំណោម នោះក៏មានកីឡាករកម្ពុជា៣០នាក់ដែរ ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចសហការល្អជាមួយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្តាញផ្សព្វផ្សាយក្នុងស្រុកទាំងអស់បានជួយផ្សព្វផ្សាយទូលំទូលាយព្រមទាំងមានកិច្ចសហការពីដៃគូឧបត្ថម្ភផងដែរ ។
អ្នកគ្រប់គ្រងកម្មវិធីជនជាតិបារាំងរូបនេះអះអាងថា ព្រឹត្តិការណ៍ Angkor Ultral Trail 2017 មានវិញ្ញាសាសម្រាប់ឲ្យអ្នករត់ចូលរួមដូចជា រត់ចម្ងាយ១២៨គីឡូម៉ែត្រ ដែលមានតម្លៃ ចុះឈ្មោះចំនួន១៦០ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ៥០ដុល្លារ ។ រត់ចម្ងាយ៦៤គីឡូម៉ែត្រ តម្លៃចុះឈ្មោះ ជនបរទេស៩០ដុល្លារ ខ្មែរ៣០ដុល្លារ ចម្ងាយ៣២គីឡូម៉ែត្រ បរទេស៦៣ដុល្លារ ខ្មែរ ២០ដុល្លារ និងរត់ចម្ងាយ១៦គីឡូម៉ែត្រ បរទេស៤៣ដុល្លារ ខ្មែរ១០ដុល្លារ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាមាន ប្រសាសន៍ថា ព្រឹត្តិការណ៍នេះមានគោលបំណងបីយ៉ាងគឺ ទី១-ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងអំពីបរិស្ថាន និងចេះ ស្រឡាញ់បរិស្ថាន ធម្មជាតិ។ ទី២-ផ្សព្វ ផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ កម្ពុជាទៅពិភពលោក ទី៣-ស្វែងរកថវិកា ជួយដល់អង្គការ NGOដែលធ្វើការងារផ្នែកមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា ព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយ១២៨គីឡូម៉ែត្រមានអ្នករត់ ប្រមាណ ៥០០នាក់ មកពី ២៧ប្រទេសក្នុងនោះមានអ្នករត់មកពីប្រទេសបារាំងច្រើនជាងគេ ដោយប្រព្រឹត្តទៅនៅមុខទីលាន បញ្ជល់ដំរីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧ ៕ សារីម