ភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាម២នាក់ ត្រូវបាននគរបាលខណ្ឌចំការមនឃាត់ខ្លួនពាក់ព័ន្ធជាមួយគ្រឿងញៀន កាលពីវេលាម៉ោង១១និង ១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នេះ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ផ្លូវលេខ២៧១ ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយរកឃើញមានថ្នាំញៀន និងលិង្គសិប្បនិម្មិតមួយផង។
ស្រ្តីវៀតណាមដែលត្រូវឃាត់ខ្លួននេះ ទី១ឈ្មោះ ង្វៀង ធីលី អាយុ ៥៦ឆ្នាំ មុខរបររើសអេតចាយ និងទី២ ឈ្មោះ ជឿង ធីហ្វុង អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញស្ត្រីជនជាតិវៀតណាម ទាំងពីរនាក់ដើរចុះអូសរទេះអេតចាយដ៏ធំមួយ ដែលមានក្រណាត់គ្របជាដំបូលជិតឈឹង។ ដោយមានការសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកក៏បានទៅបើកមើល ស្រាប់តែប្រទះឃើញ ពួកគេទាំងពីរនាក់ កំពុងតែជក់គ្រឿងញៀន នៅខាងក្នុងនោះ ក៏ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន ៤កញ្ចប់តូច។ ហើយអ្វីដែលគួរឲ្យហួសចិត្តទៀតនោះគឺសមត្ថកិច្ចបានរកឃើញឧបករណ៍សំរាប់ប្រើប្រាស់ មួយចំនួន ព្រមទាំងលិង្គសិប្បនិម្មិត ១ផងដែរដែលគេលាក់ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា