ខេត្តមណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រៃរបោះតូចៗលើដីព្រលានយន្តហោះ ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានការភ្ញាក់ផ្អើលមួយខណៈអ្នករត់ម៉ូតូឌុបប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ ដែលគេនាំគ្នាសង្ស័យថា ជាករណីឃាតកម្ម តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីធ្វើអត្តឃាត ។
ប្រជាពលរដ្ឋទៅមើលឆ្អឹងសពមិនស្គាល់អត្តសញ្ញាណនេះឲ្យដឹងថា គ្រោងឆ្អឹងខាងលើនេះបានរលេះរលួយសាច់អស់ទៅហើយ នៅសល់តែឆ្អឹង ហើយជនរងគ្រោះអាចស្លាប់រយៈពេល៤-៥ខែមកហើយ។
មន្ត្រីនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា គ្រោងឆ្អឹងជនរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញកាលពីល្ងាចថ្ងៃទី១៦ ខែមករា ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមិនមែនជាករណីឃាតកម្មទេ អាចជាករណីអត្តឃាត ព្រោះនៅកន្លែងកើតហេតុមិនមានភ័ស្តុតាង និងម្យ៉ាងមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ តែយ៉ាងណាសមត្ថកិច្ចនៅបន្តស្រាវជ្រាវករណីនេះ។
មន្ត្រីដដែលបានបញ្ជាក់ថា សាកសពខាងលើអាចនឹងស្លាប់រយៈពេលយ៉ាងតិច៤-៥ខែមកហើយ តែយ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះ។
គួរបញ្ជាក់ថា កាលពី៦ខែមុន នៅឃុំពូជ្រៃ ស្រុកពេជ្រាដា មានករណីមនុស្សប្រុសបាត់ខ្លួនម្នាក់ ដូច្នេះករណីនេះនគរបាលជំនាញបានបញ្ជាឲ្យមេប៉ុស្តិ៍នៅទីនោះ ស្រាវជ្រាវរកបងប្អូនឲ្យទៅមើលឆ្អឹងសាកសពនៅព្រលានយន្តហោះនេះក្រែងមានតម្រុយខ្លះ។
មន្ត្រីរូបនេះបន្ថែមថា នៅជិតគ្រោងឆ្អឹងសាកសពខាងលើគេឃើញមានស្បែកជើងរបស់មនុស្សប្រុសមួយគូ ធ្វើពីស្បែក ពណ៌ខ្មៅ ចំណែកខោអាវ និងរបស់របរផ្សេងៗទៀតគេមិនមាននោះទេ៕