ភ្នំពេញ៖ នៅល្ងាចម្សិលមិញ បន្ទាប់ពីបានជួបជុំសំណេះសំណាលជាមួយបងប្អូនសហគម និងនិស្សិតខ្មែររួចហើយ សម្តេច តេជោនាយករដ្ឋមន្រ្តី បានអញ្ជើញពិសារអាហារការងារពេលល្ងាចជាមួយតំណាងក្រុមហ៊ុនល្បីៗរបស់សហព័ន្ធស្វីស នៅភោជនីយដ្ឋាន Club of the Restaurant នៅសណ្ឋាគារ Park Hyatt Zurich។ តំណាងអ្នកវិនិយោគទុនស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរួមពិសារអាហារ និងផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនអំពីឱកាសវិនិយោគនៅកម្ពុជា។ មានអ្នកវិនិយោគទុនស្វីសជាច្រើនមានបំណងទៅបណ្តាក់ទុននៅប្រទេសកម្ពុជា ព្រោះពួកគេមានទំនុកចិត្ត និងមើលឃើញយ៉ាងច្បាស់ពីស្ថេរភាពនយោបាយ ការរីកចម្រើន ជាពិសេសគឺសក្តានុពលសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកវិនិយោគទុនស្វីសទាំងអស់ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអញ្ជើញអ្នកវិនិយោគទុនស្វីសទាំងអស់ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងវេទិកានេះគឺនឹងផ្តល់ ឱកាសអោយអ្នកវិនិយគទុនស្វីសបានឃើញកាន់តែច្បាស់អំពីឱកាសមាស និងសក្តានុពលទាំងឡាយក្នុងកា បណ្តាក់ទុនវិនិយោគ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចង់បាននូវការចូលរួមជាគំនិតយោបល់ពីថ្នាក់ដឹកនាំនានា និងពី វិស័យឯកជនផ្សេងៗដែលនាំមកនូវការរីកចម្រើនរួមគ្នាសម្រាប់ពិភពលោកទាំងមូល។
នៅក្នុងពិធីទទួលទានអាហារ និងសំណេះសំណាលកាលពីយប់មិញនេះ គឺបានផ្តល់ឱកាសដល់តំណាងក្រុមហ៊ុនស្វីសទាំងអស់បានស្តាប់ និងបានពិភាក្សាដោយផ្ទាល់ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីបញ្ហាជាច្រើនដែលទាក់ទងទៅនឹងការពង្រឹង និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរិៈរកនូវវិធីសាស្រ្តល្អៗជាច្រើនដើម្បីពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ស្វីសឲ្យកាន់តែមានទំហំធំឡើងថែមទៀតដែលផ្តល់ផលប្រយោជន៍ដល់ ប្រជាជាតិនៃប្រទេសទាំងពីរ។
នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើដំណើរទៅកាន់ទីក្រុង Davos ដើម្បីចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំធ្វើនៅទីនោះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ៕
ដោយ៖ សុខ ខេមរា