ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងនាយចេកលបានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញក្តីអាណិតអាសូរខ្លាំងក្រោយពីទទួលដំណឹងថាម្តាយក្មេក និងភរិយាចូលពេទ្យសង្គ្រោះបន្ទាន់ដែលវានឹងក្លាយជាបន្ទុកកាន់តែធ្ងន់ ព្រោះតែជីវភាពកំពុងតែយ៉ាប់យ៉ឺនហើយបែរជាត្រូវជួបនឹងបញ្ហាប្រឈមមុខធ្ងន់ធ្ងរដូចនេះ។
តារាកំប្លែងប្រចាំក្រុមនាយកុយ គឺនាយចេក បានថ្លែងប្រាប់ឲ្យដឹងថា ប្រពន្ធរបស់លោកត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅភ្លាមៗ ព្រោះតែជំងឺពោះវៀនដុះខ្នែង ធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី១៦ ខែមករា ។ នាយចេកបានបន្តទៀតថា អ្វីដែលកាន់តែធ្វើឲ្យលោកពិបាកចិត្តកាន់តែខ្លាំងជាងនេះគឺមួយម៉ោងក្រោយម្តាយក្មេក របស់លោកបានឈឺបន្តទៀត ត្រូវបញ្ចូនមកកាន់មន្ទីរពេទ្យខាងលើ ដោយគាត់មានជំងឺបេះដូងរីក លើសឈាម។ តារាកំប្លែងរាងស្វិតរូបនេះបញ្ជាក់ដែរថា តាមស្ថានភាពជំងឺលោកត្រូវបញ្ជូនភរិយានិងម្តាយក្មេក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែដោយបញ្ហាមិនមានថវិកាគ្រប់គ្រាន់ទើបលោកមិនអាចបញ្ជូនទៅបានទើបទើត្រឹមមន្ទីរពេទ្យក្រុងតាខ្មៅទៅ។ លោកថា មិនមានលទ្ធភាពគ្រប់គ្រាន់និងបង្គ្រប់ថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃផងទៅមានលទ្ធភាពឯណាទៅបង់ថ្លៃពេទ្យនៅភ្នំពេញនោះ។
តាចេកបញ្ជាក់ដែរថា នៅពេលនេះស្ថានភាពជំងឺរបស់ម្តាយក្មេក និងភរិយានៅមិនទាន់ល្អប្រសើរខ្លាំងនៅឡើយ ព្រោះតែក្រុមគ្រូពេទ្យត្រូវបន្តពិនិត្យតាមដានបន្តទៀតដើម្បីវិនិឆ្ឆ័យថានឹងត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅពេទ្យណា។
ទោះជាយ៉ាងណាកាលពីល្ងាចថ្ងៃទី១៧ខែមករានេះដែរ គេបានឃើញវត្តមានតារាសម្តែង និងពិធីករ លោកអ៊ឹម ជីវ៉ា បានធ្វើដំណើរទៅដល់មន្ទីរពេទ្យផ្ទាល់ដើម្បីសាកសួររសុខទុក និងនាំយកនូវថវិកា សម្ភារមួយចំនួនជួនដល់តារាកំប្លែងនាយចេក។ លោកបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខនេះលោកមានថវិកាផ្ទាល់ខ្លួនមួយចំនួន និងនាំយកថវិកា១០០ដុល្លារអាមេរិករបស់លោក ចាន់ គត្តិខុម និងលោកស្រី ជារី ប៉ុណ្ណា ប្រគល់ជូនតារាកំប្លែងជើងចាស់រូបនេះផងដែរ៕ វឌ្ឍនា