ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ជើងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈបើកម៉ូតូលឿនមិនប្រយ័ត្នហើយខ្សោយភ្លើងផងនោះក៏ជ្រុលទៅបុករ៉ឺម៉កដែលគេចតស្ងាមពេញទំហឹង កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រស សល់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខកណ្តាល1J-5532 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏វ៉ាកអើនឹងរ៉ឺម៉កម៉ូតូដែលគេចតទុកចោលជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសបាក់ជើងស្តាំតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញនៅពេលក្រោយ៕ សុខាសែនជ័យ
...