ក្លិបបាល់ទាត់ Real Madrid មិនអាច បន្តកំណត់ត្រាឈ្នះ៤០ប្រកួតជាប់គ្នាបានទេបន្ទាប់ពីចាញ់ក្រុម Sevilla ដោយលទ្ធ ផល 2-1 នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កន្លងមក ។
ក្នុងតង់ទី១ក្រុមទាំងពីរមិនអាចស៊ុត បាល់បញ្ចូលទីគ្នាបានឡើយប៉ុន្តែចូលដល់តង់ទី២ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយក្រុម Real Madrid នាំមុខម្ចាស់ផ្ទះ មុននៅនាទី៦៧ដោយបាល់ពិន័យ១១ ម៉ែត្រ ។ លុះមកដល់នាទីទី៨៥ខ្សែការពារ Sergio Ramos របស់ក្លិប Real Madrid ធ្វើ ឲ្យបាល់ចូលទីខ្លួនឯងនាំឲ្យម្ចាស់ផ្ទះអាចតាមស្មើវិញបាន ។ ជិតចប់ការប្រកួត ទៅហើយកីឡាករ Stevan Jovetic អតីត ខ្សែប្រយុទ្ធក្លិប Manchester City ដែលក្លិប Sevilla ទើបតែខ្ចីជើងពីក្លិប Inter Milan បានស៊ុតបាល់បញ្ចូលទីក្រុម Real Madridយ៉ាងល្អឥតខ្ចោះដែលជ័យជម្នះនេះធ្វើឲ្យក្រុម Sevilla ឡើងមកឈរលេខរៀងទី២ វិញលើក្រុម Barcelona ហើយតាមពីក្រោយ ក្រុម Real Madrid តែ២ពិន្ទុប៉ុណ្ណោះ ។
ចំណែកក្រុម Real Madrid វិញពុំធ្លាប់ស្គាល់បរាជ័យឡើយបើគិតចាប់តាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំមុនមកហើយក្រោយជួបបរាជ័យលើកនេះ លោក Zinedine Zidaneបានជំរុញឲ្យកូនក្រុមរបស់គាត់បំភ្លេចការខកចិត្តនោះ ហើយប្រឹងប្រែងយកជ័យជម្នះក្នុងការប្រកួតបន្ទាប់ទៀតដើម្បីឈ្នះជើង ឯកចំនួន៣ក្នុងមួយរដូវកាល ៕ ដេវីត