ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី១១នាក់ ត្រូវកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចុះប្រតិបត្តិការឆែកឆេរជនជាតិបរទេសជាពិសេសវៀតណាមដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ។
ក្នុងប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ១២ ផ្លូវលេខ៩០(ផ្ទះជួលហាងកាហ្វេ )និងផ្លូវ៨០(ហាងម៉ាស្សា)នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋាន ស្រាវជ្រាវស៊ើបអង្កេត និតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថាដោយសហការជាមួយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងជំនាញខណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សៀង សុខ លទ្ធផលត្រួតពិនិត្យ ឃើញមានវៀតណាមចំនួន១១នាក់(ស្រី០៧នាក់)អត់ឯកសារ ។
ពាក់ព័ន្ធ និងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវ និងសុំអោយជនបទេសដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកអ៊ុក ហៃសីឡា បានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា២៩ច្បាប់ស្តីពីអន្តោប្រវេសន៍បានចែងថា ជនបរទេសណាដែលគ្មានការអនុញាតិ ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញត្រូវផ្តន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជាមន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ចរូបណាដែលជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើត្រូវផ្តន្ទាទោសដាក់គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណាដែលធ្វើមានការធ្វេសប្រហេសខ្វះការប្រុងប្រយត្ន័ ឬមិនគោរពបទបញ្ជាត្រូវទទួលការផ្តន្ទាទោសផ្នែករដ្ឋបាលមធ្យោបាយសម្ភារប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ ៕ ស តារា