ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រាក់ ឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ពុំមានភាពលម្អៀង ឬក៏មាននិន្នាការលើ កីឡាណាមួយនោះទេ គ្រប់ប្រភេទកីឡាទាំងអស់មានសិទ្ធិទទួលបានប្រាក់រង្វាន់ស្មើៗគ្នា ប៉ុន្តែពានរង្វាន់និងមេដាយទាំងនោះត្រូវតែស្របតាមលក្ខខណ្ឌរបស់ ក្រសួង។ ការលើកឡើងបែបនេះរបស់ លោកអគ្គលេខាធិការ NOCC ធ្វើឡើងក្នុង ពិធីអបអរសាទរជាមួយជ័យលាភីរបស់ ក្រុមកីឡាករ Never Car ដែលឈ្នះពាន រង្វាន់ MATIC 2017 នៅប្រទេសម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា (NOCC) ។
លោក វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ ក្រសួងអប់រំយុវជននិងកីឡា និងប្រាក់រង្វាន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពុំបាន បែងចែកឲ្យមានស្តង់ដារ២នោះទេ គឺមាន សិទ្ធិទទួលបានស្មើៗគ្នាគ្រាន់តែមេដាយ មាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិទាំង នោះ តើវាស្របទៅតាមអ្វីដែលក្រសួងចង់ បានដែរឬអត់? ប្រធានបទនៃព្រឹត្តិការណ៍ ដែលកីឡាករកីឡាការិនីដណ្តើមបានពី ព្រឹត្តិការណ៍អន្តរជាតិនានា តើវាស្របតាមលក្ខខណ្ឌក្រសួងដែរឬទេ?
លោកអគ្គលេខាធិការបានពន្យល់ថា «ប្រសិនបើប្រធានសហព័ន្ធ គ្រូបង្វឹក និង កីឡាករកីឡាការិនីចង់បានប្រាក់រង្វាន់ខាង លើត្រូវដាក់ឈ្មោះកម្មវិធីប្រកួតនោះឲ្យ ស្របតាមលក្ខខណ្ឌរបស់ក្រសួង ដូចជា ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍ ឬក៏ជ្រើសរើសជើងឯកអាស៊ី និង ជ្រើសរើសជើងឯកពភិពលោកឈ្មោះព្រឹត្តិការណ៍ទាំងនេះទំនងជាអាចទទួលបានថវិកា ឧបត្ថម្ភពីក្រសួង ព្រោះវាស្របតាមគោល បំណង និងការចង់បានផ្អែកលើលក្ខខណ្ឌត្រឹមត្រូវរបស់ក្រសួងបានណែនាំ» ។
លោកបានបន្ថែមថា ដោយមេដាយខ្លះគ្រាន់តែដើម្បីដណ្តើមយកពានរង្វាន់អ្វី ដែលគេបង្កើតឡើងសម្រាប់ឲ្យកីឡាករ កីឡាការិនីបានចូលរួមប្រកួតដកស្រង់បទពិសោធន៍ឬក៏ដើម្បីអប់អរសាទរទៅនឹង ព្រឹត្តិការណ៍អ្វីមួយនោះ វាមិនបានចូលក្នុងលក្ខខណ្ឌរបស់ក្រសួងចង់បាននោះទេ។ ដូច្នេះប្រាក់រង្វាន់ក៏គ្មានដែរ ប៉ុន្តែថ្នាក់ដឹកនាំ របស់សហព័ន្ធកីឡានោះអាចធ្វើពិធីស្វាគមន៍ លើកទឹកចិត្តអត្តពលិករបស់ខ្លួនគ្រាន់តែពុំមានការឧបត្ថម្ភពីថ្នាក់ដឹកនាំក្រសួងពាក់ ព័ន្ធប៉ុណ្ណោះ ៕ សារីម