ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់ក្នុងចំណោមបក្ខពួក៥នាក់ក្រងស្បង់ចីវរក្លែងជាព្រះសង្ឃដើររៃអង្គាសប្រាក់ នៅផ្សារមង្គលបុរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកមង្គបុរីឃាត់ខ្លួនទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី ដើម្បីអនុវត្តតាមច្បាប់។ ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈកម្លាំងអាវុធហត្ថចុះដេញចាប់ខ្លួនសង្ឃក្លែងក្លាយ ទាំងនោះ ក្រោយពីអាជីវករនៅផ្សារមង្គលបុរីរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អាជីវករនៅផ្សារស្រុកមង្គលបុរីបានឃើញក្រុមព្រះសង្ឃ៥អង្គ ដើរចែកក្រដាសកម្មវិធីបុណ្យ និងរៃអង្គាសប្រាក់ពីក្រុមអាជីវករដើម្បីកសាងវត្តនេះវត្តនោះ។ បន្ទាប់មកក្រុមអាជីវករមានការសង្ស័យក៏រាយការណ៍ទៅសមត្ថកិច្ចអាវុធហត្ថស្រុកមង្គលបុរី ទើបឈានទៅឃាត់ខ្លួន២នាក់កំពុងក្រងស្បង់ចីវរ និងបក្ខពួក៣នាក់ទៀតគ្រាន់តែឃើញមន្ត្រីកងរាជអាវុធហត្ថទៅដល់ នាំគ្នារត់គេចខ្លួនបាត់អស់។
ជនទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនត្រូវបានគេជួលដឹកតាមរថយន្តពីក្រុងប៉ោយប៉ែតមកដាក់ចំណុចកើតហេតុដើម្បីដើររៃអង្គាសប្រាក់នៅផ្សារស្រុកមង្គលបុរី។នៅពេលរៃអង្គាសប្រាក់បានយកទៅបែកចែកគ្នា។ ការសម្រេចចិត្តធ្វើសកម្មភាពបែបនោះដោយសារឳពុកម្តាយមានជីវភាពក្រីក្រមិនដឹងធ្វើកិច្ចការងារអ្វី ក៏មាន មេខ្យល់លួងលោមនាំមកធ្វើជាសង្ឃក្លែងក្លាយ ដើម្បីដើររៃអង្គាសប្រាក់ ហើយបានប្រាក់ពីការរៃអង្គាសយកទៅផ្គត់ផ្គង់ជីវភាពឳពុកម្តាយនៅស្រុក។ពួកគេមានគ្នា៥នាក់ក្លែងជាព្រះសង្ឃមករៃអង្គាសប្រាក់នៅខេត្តបន្ទាយមានជ័យចំនួន២លើកមកហើយ ដោយប្រមូលបានប្រាក់ជាង១០ម៉ឺនរៀល។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា បុរសក្លែងជាសង្ឃ២នាក់នេះ ទី១-ឈ្មោះ សម្បត្តិ ហេង អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងទី២-ឈ្មោះ សម្បត្តិ បោន អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ អ្នកទាំង២នាក់ ជាបងប្អូនបង្កើតនិងគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងស្វាង ឃុំលាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនទាំង២នាក់ក្រោយឃាត់ខ្លួនត្រូវបានព្រះអនុគណខេត្តបន្ទាយមានជ័យ នាំមកដោះស្បង់ចីវរចេញសមត្ថកិច្ចគ្រាន់តែអប់រំដល់ពួកគេ និងហៅឪពុកម្តាយមកទទួលយកទៅផ្ទះ ព្រមទាំងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ សកម្មភាពដែលបង្កឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ៕ សំ វិច្ឆិកា