ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហ៊ែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំនិងរុះរើ កន្លែងលក់ដូរ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជះក្លិនស្អុយ ក៏ដូចជា ធ្វើអោយមានការកកស្ទះចរាចរណ៍ទៅមករបស់ប្រជាពលរដ្ធដែលឆ្លងកាត់ទីនោះ ដែលមានទីតាំងនៅមុខរោងចក្រប៊ឺរី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។
ក្រៅពីវិធានការខាងលើ ក្រុមអាជ្ញាធរក៏បានអប់រំពីបញ្ហាជាច្រើនលើកច្រើនសារ តែក្រុមអាជីវករមិនព្រមស្តាប់។
លោក ហែម ដារិទ្ធិ បានឱ្យដឹងថា មុននឹងលោកចាត់វិធានការបែបនេះ លោកបានចុះអប់រំណែនាំ និងព្រមានប្រាប់ដល់ក្រុមអ្នកលក់ដូរទាំងអស់ ជាច្រើនលើកជាច្រើនសារមកហើយ កុំយកផ្លូវប្រកបមុខរបរអាជីកម្មបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវបង្កភាពរញ៉េរញ៉ៃ បង្កការកកស្ទះចរាចរណ៍បាត់បង់សោភ័ណភាព និងបង្កបញ្ហាអនាម័យជាដើម។
លោកក៏បានបញ្ជាក់ថា បញ្ហារំលោភយកផ្លូវធ្វើអាជីវកម្មបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម តែក្រុមអាជីករទាំងអស់ មិនព្រមស្តាប់ការហាមប្រាមរបស់អាជ្ញាធរឡើយ ថែមទាំងនៅបន្តលក់យ៉ាងគគ្រឹកគគ្រែងដដែល ទើបលោកដឹកនាំកម្លាំងដោយផ្ទាល់តែម្តង ចុះរុះរើ និងប្រមូលយកសម្ភារទាំងនោះយកទៅដុតចោលតែម្តង។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោយមានបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្សផងដែរ ៕ សុខាសែនជ័យ