ភ្នំពេញ៖ លោក ថោង រដ្ឋាស័ក្តិ អនុ ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឲ្យដឹងថា កីឡាករ៣នាក់របស់សហព័ន្ធ កីឡាទូកក្តោងកម្ពុជាដែលបញ្ជូនទៅចូល រួមប្រកូតព្រឹត្តិការណ៍កីឡាទូកក្តោង 36th Singapore Open Windsurfing Championship និងទៅហ្វឹកហាត់កាលពីថ្ងៃទី១១-១៥ ខែមករា ឆ្នាំ២០១៧នៅប្រទេសសិង្ហបុរី ទទួលបានលទ្ធផលល្អប្រសើក្នុងតារាង ចំណាត់ថ្នាក់ការប្រកួត ។
លោកអនុ ប្រធាន សហព័ន្ធរូបនេះបានឲ្យដឹងទៀតថា កីឡាករ៣នាក់ខាងលើមានដូចជា កីឡា ករ ហៀង ស៊ុនហេង អាយុ ១៤ឆ្នាំ កីឡាករ សូត្រ មេសា អាយុ១៤ឆ្នាំ និងកីឡាករ ឌុច ប៊ុនធឿន គឺជាអ្នកទៅហ្វឹកហាត់ ។
លោក រដ្ឋាស័ក្តិ បញ្ជាក់ថា ការប្រកួត កីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលដំណើរ ការប្រកួតចាប់ពីថៃ្ងទី១១-១៥មករានោះ មានទូកចូលរួមចំនួន១០០ទូកមានកីឡា ករមកពី៣០ប្រទេសដោយធ្វើការប្រកួត ចំនួន១៣ ប៉ុន្តែត្រូវលុបចោល២ប្រកួតដោយសារអាកាសធាតុមិនអំណោយផល ។ នៅក្នុងការប្រកួតនោះដែរកីឡាករ ហៀង ស៊ុនហេងទទួលបានចំណាត់ថ្នាក់លេខ១១ក្នុងចំណោម២៨ទូកក្នុងជុំទី៨ទូកចំណាត់ថ្នាក់១០បាននាំមុខកីឡាករ ហៀង ស៊ុនហេង ក្នុងការប្រកួតនោះគឺជាអតីតកីឡាករមេដាយមាសរបស់ថៃ ។ រីឯកីឡាករ ឌុច ប៊ុនធឿន ដែលទៅចូលរួមហ្វឹកហាត់ទូកក្តោង ប្រភេទ Laser 470 ក៏ទទួលបានលទ្ធផល ល្អប្រសើរដែរ ដោយកីឡាកររូបនេះទទួលបានចំណាត់ថ្នាក់លេខ២៥ក្នុងចំណោម ទូកធំចំនួន៣០ក្នុងការហ្វឹកហាត់រួមគ្នាជា មួយបណ្តាប្រទេសដទៃទៀត។
លោកអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបន្តថាលទ្ធផលនេះសហព័ន្ធទូកក្តោងកម្ពុជាគិតថាវាទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១របស់កីឡាករទូកក្តោងកម្ពុជា ដែលចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីធ្វើការហ្វឹកហាត់បានតែរយៈពេល៣ខែនៅក្រៅប្រទេស។ លោកបន្ថែម ថា បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះទៅកីឡាករទូកក្តោងកម្ពុជានឹងបន្តចូល រួមហ្វឹកហាត់នៅខេត្តប៉ាតាយ៉ាប្រទេសថៃបន្តទៀត ព្រោះសហព័ន្ធទូកក្តោងកម្ពុជាមានទិសដៅសម្រួចសមត្ថភាពពួកគេ សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅ ប្រទេសម៉ាឡេស៊ីនាខែតុលាខាងមុខនេះ ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោង កម្ពុជាបានបង្កើតឡើង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ គឺទើបមានអាយុ១ឆ្នាំ ៤ខែប៉ុណ្ណោះ។ ប៉ុន្តែសហព័ន្ធទទួលបានសមិទ្ធផលល្អគួរឱ្យកត់សម្គាល់តាមរយៈសកម្មភាពការងារហ្វឹកហាត់នានាដែល សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងនោះសហព័ន្ធធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ ជាមួយកីឡាករជម្រើសជាតិរបស់ថៃចំនួន២សប្តាហ៍ផងដែរ៕ សារីម