ប្រទេសស្វីស៖ នៅម៉ោងប្រមាណ ១១:០០នាទីព្រឹក ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony.F Fernandes ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំព្រឹកនេះ គឺដើម្បីចែករំលែកបទពិសោធន៍ក្នុងការដឹកនាំក្រុមហ៊ុន Air Asia ដែលបានធ្វើឡើងនៅ សណ្ឋាគារដែលសម្ដេចតេជោកំពុងស្នាក់នៅ។
លោក Anthony.F Fernandes បានជម្រាប សម្តេចតេជោនាយករដ្ឋមន្រ្តីអំពីក្រុមហ៊ុន Air Asia ដែលបានធ្វើការហោះហើរត្រង់ពីបណ្តាប្រទេសនានាលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ ជាមធ្យមគឺ៦៧ ជើងក្នុងមួយសប្តាហ៍។ លោក Anthony.F Fernandes បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានខិតខំកៀរគរអ្នកទេសចរណ៍ពីគ្រប់ទិសទីដ៏ច្រើនមកទស្សនាកម្ពុជា។ លោក ប្រធានបានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភេពលោក ស្តីពីអាស៊ាន ក្នុងប្រទេសកម្ពុជានាខែឧសភាឆ្នាំ២០១៧នេះ។ ក្រុមហ៊ុនរបស់លោកពីមុនគឺមានយន្តហោះតែពីរគ្រឿង តែបច្ចុប្បន្នក្រុមហ៊ុនមានយន្តហោះរហូតដល់ ២០០គ្រឿង និងកំពុងបញ្ជាទិញយន្តហោះជាច្រើនគ្រឿងទៀត សម្រាប់សេវាដឹកជញ្ជូនអ្នកដំណើរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ និងស្នើឲ្យក្រុមហ៊ុន Air Asia បន្តជើងហោះហើរ និងនាំមកនូវទេសចរណ៍ពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្រៅតំបន់ហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា។
ក្នុងកិច្ចសន្ទនាគ្នានោះ សម្តេចតេជោ ក៏បានស្នើរឲ្យមានវត្តមានក្រុមហ៊ុន Air Asia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ លោក Anthony.F Fernandes នឹងបើកការិយោល័យខ្លួនក្នុងពេលដ៏ខ្លីខាងមុខក្នុងប្រទេសកម្ពុជាដើម្បី រួមចំណែកក្នុងការបណ្តុះ បណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជា លើវិស័យសេវាដឹកជញ្ជូន និងវិស័យ អាកាសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះគំរោង និងទិសដៅក្រុមហ៊ុន Air Asia នៅកម្ពុជា ហើយសង្ឃឹមថាវត្តមាន Air Asia នៅកម្ពុជានឹងនាំមកនូវអ្នកទេសចរណ៍កាន់តែច្រើនឡើងមកកម្ពុជា៕