ខេត្តតាកែវ៖ មកទល់និងព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ករណីត្រៀមចេញឈើម្រិញ(រាជកុល)ពីរឡានយីឌុប ឆ្លងទៅវៀតណាមតាមច្រកស្រុកបុរីជលសារត្រូវបានគេចាត់ចែងរត់ការរួចរាល់ហើយជាមួយសមត្ថកិច្ចគ្រប់ស្ថាប័ន ដោយមានលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាបងបង្កើតលោកអភិបាលខេត្តតាកែវផងនោះជាអ្នកចេញមុខរត់ការ ។
ប្រភពបានរាយការណ៍មកថា៖ ឈើទាំងនោះដឹកចេញពីខេត្តកំពង់ស្ពឺ អាចដល់ស្រុកបុរីជលសារនៅម៉ោង១២ឬម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា នេះ ដើម្បីស្ទួចដាក់ទូកដឹកបន្តឆ្លងទៅវៀតណាម។ ឡានយីឌុបនេះ មួយគ្រឿងភ្លៅបួន និងមួយគ្រឿងទៀតភ្លៅពីរ។
ករណីនេះត្រូវបានបែកធ្លាយ បន្ទាប់ពីលោក ឡាយ ណារិទ្ធ អាងអំណាចពេកចាត់ចែងរត់ការរំលងខាងជំនាញខ្លះ និងប្រើឥទ្ធិពលប្អូនជាចៅហ្វាយខេត្តមើលស្រាលទៅលើសមត្ថកិច្ចផ្សេងៗទៀតជាញឹកញាប់។ ពាក់ព័ន្ធករណីនេះ លោក ឡាយ ណារិទ្ធ ស្នងការរងខេត្តទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាបងបង្កើតលោកអភិបាលខេត្តតាកែវ”នគរដ្រេហ្គន “មិនអាចទាក់ទងសុំការបំភ្លឺបានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖ សុខ ខេមរា