ខេត្តកណ្តាល៖ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តបែនដឹកថ្មបើកច្រាស់ទិសគ្នាពេញមួយទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ទី២៤ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះផុង កែវ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BF-4393។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខហ.0120-ភព3 ជាប្រភេទរថយន្តបែនដឹកថ្ម បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហតុបានរត់គេចខ្លួនបាត់ស្រមោល ។
សាក្សីនិយាយថា នៅមុនពេលកើហេតុគេបានឃើញជនរគ្រោះបើកបរម៉ូតូតាមណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅអ្នកលឿង។ លុះបើកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកជែងរថយន្តនៅខាងមុខ រហូតជ្រុលទៅបុករថយន្តបែនដឹកថ្មដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូនិងអ្នកបើកបរគៀបជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរថយន្តបានចុះគេចខ្លួនបាត់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីចាត់ការតាមច្បាប់៕ ស្អាងជ័យ
...