ភ្នំពេញ៖ បុរសវ័យចំណាស់អាយុ៥០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈបានសម្រេចរហូត៣ដងទើបបែកធ្លាយរឿង ។
ករណីចាប់ខ្លួនបុរសវ័យចំណាស់ល្បួងក្មេងស្រីយកទៅរំលោភនៅក្នុងផ្ទះរបស់ខ្លួនរហូតបានសម្រេច៣ដងទើបបែកការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះស្រ៊ុន ចាន់ថា អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់ផ្ទះជួលកន្លែងចាប់ខ្លួន ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះថ.ស.ព អាយុ៨ឆ្នាំ ។ អ្នកទាំង២មានទីលំនៅក្បែរគ្នា ម្តុំទួលតឹង កន្លែងផ្នូរខ្មោច ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោក ទេព បូរ៉ា នាយប៉ុស្តិ៍ច្បារអំពៅ២ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន គឺផ្តើមចេញពីអង្គការមនុស្សធម៌មួយបានទូរស័ព្ទប្រាប់សមត្ថកិច្ច ពីករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍បានហៅជនសង្ស័យមកធ្វើការសាកសួរ ទើបឈានទៅឃាត់ខ្លួនបណ្តោះអាសន្នដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែកក្មេងស្រីរងគ្រោះក៏បានរៀបរាប់ពីសកម្មភាពកន្លងមកដែលជនសង្ស័យលួងលោមរំលោភរហូតដល់បានសម្រេចប្រាប់សមត្ថកិច្ចផងដែរ ទើបធ្វើឲ្យជនសង្ស័យគ្មានហេតុផលណាដើម្បីគេចផុតពីសំណាញ់ច្បាប់នោះឡើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស
...