ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ឈប់ជួលម៉ោងឱ្យវិទ្យុ ABCផ្សាយ។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រសួងព័ត៌មានស្នើម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ប៉ុស្តិ៍ លេខ«៣» រាជធានីភ្នំពេញ បញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយ រវាងស្ថានីយវិទ្យុ-ទូរទស្សន៍ ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50MHz ។
លិខិតរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ៖ កន្លងមកក្រសួងព័ត៌មានបានឯក ភាពអនុញ្ញាតឲ្យ មានកិច្ចសហការជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយ ផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៦៖០០នាទី ដល់ម៉ោង៩៖០០នាទីព្រឹក ។ ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញបានដំណើរការផ្សាយ កម្មវិធីនេះមួយរយៈពេលខ្លីកន្លងមក បានកើតមានប្រតិកម្មពីសំណាក់មហាជនជាច្រើន ធ្វើការរិះគន់ទៅលើពិធី ករ ពិធីការិនី កម្មវិធីចម្រុះABC 3Spring ដែលបានប្រព្រឹត្តនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិក ជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ-ពិធី ការិនីផ្សេងទៀត ។ ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងតម្រូវឲ្យឯកឧត្តម បញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិលេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50MHzជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
គួរបញ្ជាក់ថារដ្ឋមន្ដ្រីក្រសួងព័ត៌មានបានដាស់តឿនក្រើនរំលឹកដល់ពិធីករ ពិធីការិនី ទូរទស្សន៍ វិទ្យុទាំងឡាយឲ្យរក្សាឲ្យបានសេចក្ដីថ្លៃថ្នូរបស់ខ្លួន រហូតដល់ប្រើពាក្យថា “ពិធីករ ពិធីការិនីណា ដែលឡឺតមើលងាយទស្សនិកជន មិនឲ្យមានមុខនិងសំឡេង នៅបណ្ដាញផ្សព្វផ្សាយរដ្ឋ”នោះ បានធ្វើអោយមមានការប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់គ្រួសារABCរបស់លោកអាចារ្យA ដោយពួកគេបានចេញមុខឆ្លើយតប ទៅវិញថា ក្រសួងព័ត៌មានកំពុងជាន់ពន្លិចABCព្រោះខ្លាចខូចឈ្មោះដែលគេជេរថា ក្រសួងមិនចេះមើល ABC។ លោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា អ្វីដែលលោករដ្ឋមន្ដ្រីបានលើកឡើងនោះ គឺពុំមានន័យជាន់ពន្លិចទៅលើជនណាម្នាក់នោះទេ ប៉ុន្តែនោះគឺជាការស្ថាបនា ដើម្បីឲ្យមានភាពល្អប្រសើរ ៖“…ក្រសួងព័ត៌មាន មានទៅជាន់ទៅពន្លិចអីគាត់…យើងគ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ទាំងអ្នកអាន អ្នកនិយាយ អ្នកអត្ថាធិប្បាយហ្នឹងធ្វើអីឲ្យវាសមរម្យ ទៅតាមទំនៀមទម្លាប់របស់សារព័ត៌មានទៅ…”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា បណ្ដាប្រពន្ធផ្សព្វផ្សាយទាំងឡាយសុទ្ធតែត្រូវការទាក់ទាញ ដើម្បីឲ្យទស្សនិកជនឬប្រិយមិត្តគាំទ្រច្រើនប៉ុន្តែអ្វីទាំងនោះ គឺមានតែក្នុងពាក្យសម្ដី ហើយគោរពទៅតាមក្រមសីលធម៌សារព័ត៌មាន មិនអាចធ្វើអីតាមទំនើងចិត្តនោះទេ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅព្រឹកថ្ងៃទី២៤មករានេះទៀតថា “ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ”។ នេះជាសារទី២ របស់លោកតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់គ្នា ក្នុងន័យក្រើនរំលឹកដល់ពិធីករ ពិធីការិនី វិទ្យុទូរទស្សន៍ទាំងគួររក្សាឲ្យបានសេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
នៅក្នុងកម្មវិធីផ្សាយកាលព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ក្រុមអ្នកកាន់កម្មវិធីផ្សាយរបស់វិទ្យុABCតាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានចំណាយ ពេលជាច្រើនម៉ោងឆ្លើយតបបែបចំអកចំពោះអ្នករិះគន់ពួកគេ ។ និយាយរួមគឺពួកគេមិនទទួល ស្គាល់កំហុសនោះឡើយ ។ ទោះយ៉ាងណាក៏ដោយ ការណែនាំ និងមតិរិះគន់ របស់ប្រជាពលរដ្ឋ ក៏ដូចជាសារខ្លីៗតាមទំព័រហ្វេសប៊ុករបស់លោករដ្ឋមន្ដ្រី ត្រូវបានពិធីការិនី កញ្ញាCK បញ្ជាក់ថា រូបនាងមិនអាចទទួលយកបានទេ ចំពោះការរិះគន់ ដើម្បីជាន់ពន្លិចបែបនេះ ៕