ភ្នំពេញ៖ ជាផែនការអទិភាពនៅក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ បានសម្រេចដាក់ថែនការ ទិសដៅអភិវឌ្ឍន៍រួមគ្នាជាអាទិភាពចំនួន៤ចំណុច ដែលសាលារាជធានីភ្នំពេញ ត្រូវអនុវត្តបន្ត ដើម្បី អភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមនោះ គឺទី១-ត្រូវអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទី២ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងតាមទីផ្សារ ទី៣ការផ្តល់សេវាសាធារណៈតាមរយៈការិយាល័យច្រក-ចេញចូលតែមួយនិងការិយាល័យប្រជាបលរដ្ឋ និងទី៤-ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងការទប់ស្កាត់សំណង់អគារខុសច្បាប់។
លោក ប៉ា សុជាតិវង្ស បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារ ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ មករា ថា៖ ក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ រួមនឹងផ្នែកពាក់ព័ន្ធនៃមន្ទីរជំនាញមានទិសដៅអភិវឌ្ឍនា៍រួមគ្នាជាអាទិភាពចំនួន៤ចំណុចដែលត្រូវអនុវត្តបន្តដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកបន្តថា៖ ក្នុងឆ្នាំ២០១៦កន្លងមក ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញបានបន្តខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញ និងអនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព បានកាន់តែល្អធានាបានសភាពការណ៍សន្តិសុខទូទៅក្នុងរាជធានី។ ក្នុងនោះគួរឲ្យកត់សម្គាល់សកម្មភាព បង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឲ្យកើតមាន អំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាប បានជាបន្តបន្ទាប់ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជនវិនិយោគិននិងភ្ញៀវទេសចរ។ លោកអភិបាលបន្តថា ជោគជ័យនៃសមិទ្ធផលខាងបានមកពីការចខិតខំរបស់មន្ត្រីជំនាញ និងអាជ្ញាធរ ក៏ដូចកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទើបទទួលបានផ្លែផ្កានាពេលនេះ។
សភាពការណ៍ខាងលើនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន ប្រឡាយ ស្ថានីយ៍ សួនច្បារសំណង់អគារខ្ពស់ៗ ទីក្រុងរណប និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ សុខុមាលភាព របស់ប្រជាជន។ លោកប៉ាសុជាតិវង្ស បានបន្ថែមថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវប្រមូលផ្តុំដោះស្រាយឲ្យបានល្អនាពេលខាងមុខដូចជា បញ្ហាសន្តិសុខភាពនិងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធក្មេងទំនើង និងគ្រឿងញៀនៅតែជាចំណុចក្តៅ របស់រាជធានីភ្នំពេញ។ បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់ តាមដងផ្លូវ នៅតែជាបញ្ហាចោទ អាស្រ័យដោយកំណើន យ៉ាងឆាប់រហ័សនៃមធ្យោបាយយានយន្តនិងប្រជាជន។ បញ្ហាគ្រោះអគ្គិភ័យនៅតែជាកង្វល់ដ៏ធំ របស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងខ្លាថែមទៀត ពិសេសត្រូវពង្រឹងការគ្រប់គ្រងរៀបចំយន្តការ និងចាត់តាំងដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលោមានលក្ខណៈឆ្លើយតបពហុវិស័យ៕ សំរិត
...