បន្ទាប់ពីបានបញ្ចប់នូវវេទិកាសេដ្ឋកិច្ច នៃប្រទេសមេគង្គ ជប៉ុនរួចមកនៅរសៀល ថ្ងៃទី៣នោះដែរបណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ រួមមានព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រ ជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ រាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលបង្កុំគល ព្រះចៅអធិរាជ ព្រះអធិរាជិនីជប៉ុន ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។ បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំប្រទេស បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា ប្រធានរដ្ឋសភា ជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា មានប្រសាសន៍ក្នុងនាមសភា និងប្រជាជនជប៉ុន សំដែងនូវការស្វាគមន៍យ៉ាងស្និត ស្នាលរ៉ាក់ទាក់បំផុតជូនចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំដែលបានចំ ណាយពេលវេលាដ៏មានតំលៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧នៅទីក្រុងតូក្យូប្រទេសជប៉ុន។ ឯកឧត្តមប្រធានសភាជប៉ុន មានប្រសាសន៍ បន្តថា ឯកឧត្តមពិតជាមានការរីករាយខ្លាំងណាស់ ក្នុងការធ្វើបដិសណ្ឋារកិច្ចចំពោះ ថ្នាក់ដឹកនាំទាំងអស់ និងបានចាត់ទុកថា មេ ដឹកនាំនៃប្រទេសមេគង្គ និងជប៉ុនបានរួម វិភាគទានដ៏មានសារៈសំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេស មេគង្គជាមួយនិងប្រទេសជប៉ុន មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានសំដែងនូវការរីករាយរួមគ្នា ចំពោះការសភារបស់ប្រទេសជប៉ុន បានធ្វើការគាំទ្រដល់គំនិតផ្តួចផ្តើមឲ្យមាននូវកិច្ច សហប្រតិបត្តិការ នៃប្រទេសមេគង្គ ជាមួយនិងប្រទេសជប៉ុនដែលកំពុងទទួលបាន នូវលទ្ធផលជាវិជ្ជមានជាច្រើន ដែលជាផលប្រយោជន៍នៃប្រទេសនិងប្រជាជនក្នុង បណ្តាប្រទេសមេគង្គ ជាមួយនិងប្រទេសនិងប្រជាជនជប៉ុន។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានអញ្ជើញចូល ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភាជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម យ៉ាម៉ាហ្សាគីមាសាអាគីប្រធានព្រឹទ្ធសភាជប៉ុនមានប្រសាសន៍សំដែងនូវស្វាគមន៍យ៉ាង កក់ក្តៅបំផុត ជូនចំពោះមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំដែលបានចំណាយពេលវេលា ដ៏មានតំលៃ អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រ ទេសជប៉ុនដ៏ស្រស់បំព្រងនេះ។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំបានចាត់ ទុកថាសព្វថ្ងៃនេះប្រទេសមេគង្គមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និង ប្រទេសចិន។ មេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន មាន សារៈសំខាន់ជាងគេ ដោយកន្លងមកជប៉ុនបានផ្តល់ថវិកាចំណួន ៦០០ពាន់លាន យ៉េន ក្នុងការអនុវត្តយុទ្ធសាស្រ្តក្រុងតូក្យូឆ្នាំ២០១២ដែលមានសសរស្តម្ភ៣ គឺទី១ការតភ្ជាប់តំបន់មេគង្គ ទី២ការអភិវឌ្ឍរួមគ្នានិងទី៣ការធានានូវសន្តិសុខមនុស្ស ជាតិ និងចីរភាពបរិស្ថាន។ ក្នុងកិច្ចសន្ទនាគ្នានោះ មេដឹកនាំនៃប្រទេសមេគង្គបានវាយ តំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការអភិវឌ្ឍតំបន់មេគង្គតាមរយៈការចូល រួមជំរុញ កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទូលំទូលាយនៃបណ្តាប្រទេសមេគង្គ។ បណ្តាមេដឹកនាំនៃប្រទេស មេគង្គទាំងប្រាំក៏បានចាត់ទុកថានៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤កក្កដាស្អែកនេះថ្នាក់ដឹកនាំនៃប្រទេស មេគង្គជប៉ុននឹងអនុម័តយុទ្ធសាស្រ្តក្រុងតូក្យូឆ្នាំ២០១៥សំរាប់ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុនរយៈពេល៣ឆ្នាំ២០១៦-២០១៨ ដែលជាឯកសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិ បត្តិការតំបន់មេគង្គ ជប៉ុន។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសជប៉ុន ក៏បានថ្លែងនូវអំណរគុណ ជូនចំពោះរដ្ឋាភិបាលនិងស្ថាប័ននិតិបញ្ញាតិ្តរបស់ជប៉ុនដែល បានផ្តល់នូវការគាំទ្រនិងផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំធេងក្នុងការសាងសង់នូវហេដ្ឋារចនា សម្ព័ន្ធដូចជា ស្ពាន ថ្នល់ ក្នុងបណ្តាប្រទេសមេគង្គ។ បន្ទាប់ពីបាន បញ្ចប់នូវកិច្ចសន្ទនា គ្នារួចមក មេដឹកនាំនៃប្រទេសមេគង្គ ដែលអមដំណើរដោយឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភាជប៉ុន អញ្ជើញទស្សនាក្នុងសាលប្រជុំព្រឹទ្ធសភារបស់ ប្រទេសជប៉ុន ដែលជាស្ថាប័នដ៏កំពូលរបស់ប្រទេសជប៉ុន។
បន្ទាប់នៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ហ្សិនហ្សូ អាបេនាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្ធរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម មេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គទាំងប្រាំដែលអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ ថ្លែងសុន្ទរកថាក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម ហ្សិនហ្សូ អាបេមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះមេដឹកនាំ ទាំងអស់ ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ តាមរយៈវត្តមានដ៏មានតំលៃនៃថ្នាក់ដឹកនាំទាំងអស់ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនជប៉ុន សូមសំដែងនូវការធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតនិងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ការស្នាក់អាស្រ័នៃការ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី៧ នៅទីក្រុងតូក្យូប្រទេសជប៉ុននៅ ពេលនេះ សូមទទួល បាននូវសុខភាពល្អបរិបូរណ៍ ថាមពលរឹងមាំ ដើម្បីជានិម្មិតរូបនៃភាពរីកចំរើនសំរាប់ប្រជាជន នៃប្រទេសមេគង្គនិងប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលមេ គង្គ ជប៉ុន លើកទី៧របស់យើងនៅថ្ងៃទី៤កក្កដាស្អែកនេះ យើងនឹងធ្វើការពិភាក្សាគ្នា យ៉ាងស៊ីជំរៅបំផុត ពីកាលានុវត្តន៍ភាពថ្មីៗដែលប្រទេសមេគង្គ និងប្រទេសជប៉ុន រួមគ្នាដោះស្រាយដើម្បីឲ្យតំបន់របស់យើងទទួលបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាពខ្ពស់។