ភ្នំពេញ៖ នារីកម្មការិនីរោងចក្រម្នាក់លុងស្នេហ៍ចាញ់បោកបុរសពិកាដៃម្ខាងម្នាក់អួតថាជាវិស្វករសំណង់និងប្រាប់ថានៅកំលោះខណៈមានប្រពន្ធនិងកូនរួចទៅហើយ មិនត្រឹមតែប៉ុណ្ណោះអួតថា មានឪពុកម្ដាយជាអាណិកជនខ្មែររស់នៅអាមេរិកទៀតផង ។ ទើបនាងក្រមុំជឿរទុកចិត្ត ហ៊ានលះបង់អ្វីៗទាំងអស់ចុងក្រោយបានត្រឹមទឹកភ្នែក។
វិស្វករសំណង់ម្នាក់នោះឈ្មោះ អ៊ឹម សុខជា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជននេះត្រូវបានឪពុកម្ដាយស្លាប់ចោលអស់យូរណាស់ហើយ មានប្រពន្ធឈ្មោះ ចាន់ សំអាង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិ អន្លង់ទ្រា ឃុំព្រះឥសី ស្រុកល្វាឯម ខេត្តកណ្ដាល ទើបសម្រាលកូនបានរយៈពេល១ខែកន្លះប៉ុណ្ណោះ ។ ចំណែកឯនាងក្រមុំអស់ព្រហ្មចារីអស់ទ្រព្យសម្បត្តិនោះឈ្មោះឌី សុដាវណ្ណ អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ នាងមានបងប្អូន៨នាក់ ហើយនាងគឺជាកូនទី៨ ក៏ជាក្មេងកំព្រាផងដែរ សព្វថ្ងៃរស់នៅជាមួយបងប្អូន មានស្រុកកំណើតនៅក្នុងភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ការទាក់ទងស្នេហានោះ ដំបូងឡើយ គឺតាមរយៈបណ្ដាញសង្គម (ហ្វេសប៊ុក) ប៉ុណ្ណោះ។ លុះក្រោយពីបង្កាត់ភ្លើងស្នេហ៍អូនបងតាមហ្វេសប៊ុកបានមួយរយៈពេលខ្លី ក៏បានឈានដល់ការណាត់ជួបគ្នារួមមេត្រីនៅក្នុងផ្ទះជួលខាងស្រី ដោយនាងក្រមុំព្រមប្រគល់ព្រហ្មចារី និងទ្រព្យសម្បត្តិបន្តិចបន្តួច ជូនប្រុសស្នេហ៍ដោយគ្មានការសោកស្ដាយ ព្រោះប្រុសស្នេហ៍បានសន្យាថា និងរៀបការជាមួយនាងនៅចុងខែមករា ឆ្នាំ២០១៧ ។
ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវចូលរោងការ ស្រាប់តែប្រុសស្នេហ៍ប្រាប់ថា ម្ដាយនៅឯសហរដ្ឋអាមេរិកស្លាប់ មង្គលការត្រូវលុបចោល ទើបធ្វើឱ្យនាងអស់សង្ឃឹម ហើយនៅវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមករា ក៏បាននាំជននោះទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅដាក់ពាក្យបណ្ដឹងពីបទរំលោភលើទំនុកចិត្តតែម្ដង ។ ចំណែកប្រពន្ធនិងម្ដាយក្មេក ក៏បានបីកូនស្រីតូចជិះម៉ូតូរ៉ឺម៉កទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដោយប្រាប់ថា គាត់នឹងលែងលះប្ដីកំហូចនោះចោលផងដែរ ៕ សុខាសែនជ័យ
...