ភ្នំពេញ៖ រថយន្តម៉ាកកូរ៉ូឡាចេញពីផឹកសីុស្រវឹងបើកប្រដេញជាមួយរថយន្តមួយគ្រឿងទៀតហើយជ្រុលបុកម៉ូតូវីវ៉ាមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងស្ត្រីជិះពីក្រោយរងរបួសធ្ងន់ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនបន្តទៅបុកដើមឈើបាក់អស់មួយដើមនិងបង្គោលក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាល័យជាសីុមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះគឹម ម៉ារិន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកំណើតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2H-1637 បើកបរដោយបុរសម្នាក់និងមនុស្សប្រុសស្រី៣នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនហើយបានជែងនិងរថយន្តមួយគ្រឿងទៀតដែលមិនចាំម៉ាក ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូបោកក្បាលចេញខួរស្លាប់ភ្លាមៗតែម្តងនិងម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងដើមឈើបាក់អស់មួយដើមហើយបន្តទៅបុកបង្គោលភ្លើងដែលបាក់ខ្ទប់ជាមួយផ្ទះប្រជាពលរដ្ឋក្រឡាប់រថយន្តទើទៅមុខលែងរួច។ ចំណែកអ្នកនៅខាងក្នុងរថយន្តមិនមានរងរបួសនោះទេ។
បើតាមការៀបរាប់ពីស្ត្រីម្នាក់រួមដំណើរក្នុងរថយន្តជាមួយបានប្រាប់ថា នៅមុនពេលកើតហេតុពួកគាត់បានផឹកសីុនៅក្នុងហាងមួយកន្លែង នៅផ្លូវលេខ២០០៤ ពេលផឹកចប់ទើបនាំគ្នាបើករថយន្តចេញ ខណៈមកដល់ចំណុចកើតហេតុបានជែងរថយន្តមួយគ្រឿងនៅខាងមុខទើបជ្រុលចង្កូតទៅបុកនិងម៉ូតូតែម្តង។ ចំណែកអ្នកបើកបរឈ្មោះវ៉ា មុខរបរលក់ទូរស័ព្ទ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែកសពត្រូវបានសមត្ថកិច្ចយកទៅទំនាក់ទំនងហៅក្រុុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែងម៉ូតូនិងរថយន្តព្រមទាំងម្ចាស់សមត្ថកិច្ចបាននាំយកទៅការិយាល័យចរាចរណ៍រាជធានីរងចាំដោះស្រាយគ្នាពេលក្រោយ៕ ភារ៉ា ដង្កោ
...