ភ្នំពេញ៖ បុរសជាកម្មករលាយបេតុងម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកទាញទុយយោដែកយកស៊ីម៉ង់ត៍មកចាក់ធ្នឹមសាងសង់ផ្ទះដោយប៉ះនឹងខ្សែរកាប កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ិន សាវី អាយុ២៤ឆ្នាំ (ឆេះចង់ឆ្អិនខ្លួន) ជាកម្មករលាយបេតុងជិះតាមឡាន មានស្រុកកំណើតនៅខេត្តតាកែវ និងអ្នករងរបួសមិនត្រូវបានអត្តសញ្ញាណទេ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជាកម្មករនោះបានជិះតាមរថយន្តបូមបេតុងស៊ីម៉ង់ត៍ មានពាក់ស្លាកលេខភ្នំពេញ 5A-1154 ។ លុះមកដល់កន្លែងដែលជាសំណង់ផ្ទះល្វែងនោះក៏បានរៀបចំតទុយោដែកបូមបេតុងដាក់កន្លែងសាងសង់នោះទើបតែបូមបានម្តង ស្រាប់តែទុយយោដែកប៉ះជាមួយខ្សែកាបក៏បណ្តាលឱ្យផ្ទុះឆក់និងឆាបឆេះខ្លួនជនរងគ្រោះតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ