ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃគ្រោងផ្ទេរ មុខងារនិងភារកិច្ចចំនួន២៨ដែលបច្ចុប្បន្នស្ថិតក្នុងដែនគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ជាតិ ទៅឲ្យថ្នាក់ក្រោមជាតិជាអ្នកសម្រេចនិង អនុវត្តផ្ទាល់វិញ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃបានថ្លែងថា ការផ្ទេរសិទ្ធិអំណាច មុខងារនេះគឺជាការបែងចែកការទទួលខុស ត្រូវរបស់មន្ត្រីសាធារណៈធ្វើសិទ្ធិសម្រេចកម្មវិធីអភិវឌ្ឍន៍នៅកម្រិតមូលដ្ឋានតាម បែបប្រជាធិបតេយ្យ។
ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលរូបនេះធ្វើឡើងកាលពី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង ពិធីតែងតាំង លោកស្រី កែវ សុខពិសី ដែលជាអតីតប្រធានមន្ទីរក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចរាជធានីភ្នំពេញឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ស្រី ម៉ក់ វណ្ណស៊ីថា ដែលដល់អាយុចូលនិវត្តន៍។ ពិធីប្រកាសតំណែងជាផ្លូវការនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញដោយមានវត្ត មានពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញព្រមទាំងអភិបាល អភិបាលរងខណ្ឌ និង មន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក សក់ សេដ្ឋា បានឲ្យដឹងថា មុខងារនិងភារកិច្ចចំនួន២៨ ដែលគ្រោងទម្លាក់ ឲ្យថ្នាក់ក្រោមជាតិគ្រប់គ្រង និងអនុវត្តនោះមានដូចជា ការផ្ទេរមុខងារនិងធនធាន ការ បែងចែកកញ្ចប់ថវិកា ការធ្វើប្លង់គោល សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងផ្តល់សេវាដឹកជញ្ជូន កម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស កម្ម វិធីយេនឌ័រជាដើម។
លោកបញ្ជាក់ថា មុខងារ និងភារកិច្ចមួយចំនួននឹងត្រូវទម្លាក់មុនគេនៅក្នុងអំឡុង ឆ្នាំនេះ និងបន្តរហូតឲ្យអស់នៅត្រឹមឆ្នាំ២០២០។
រាជធានីភ្នំពេញ នឹងត្រូវអនុវត្តកម្មវិធីនេះមុនគេ ដោយសារវាជារាជធានីមានផ្ទៃ ដីធំនិងមានដង់ស៊ីតេប្រជាជនច្រើន។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ(គ.ជ.អ.ប) នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំឯកសារលើកសំណើទៅរាជរដ្ឋាភិបាល ដើម្បីបែងចែកការទទួលខុសត្រូវទាំងនេះឲ្យទៅថ្នាក់ខណ្ឌ-សង្កាត់ ជាអ្នកអនុវត្តផ្ទាល់ ។
កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានផ្ទេរអំណាចនិងភារកិច្ចតាមរយៈការទម្លាក់ ថវិកាជាតិចំនួន៥លានដុល្លារអាមេរិកទៅឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក-ខណ្ឌ នៅទូទាំងប្រទេសជាអ្នកសម្រេចនិងអនុវត្តកម្មវិធីគ្រប់គ្រងនិងប្រមូលកាកសំរាមសំណល់ រឹងនិងរាវចេញក្នុងទីប្រជុំជនដើម្បីជាប្រយោជន៍ធ្វើឲ្យបរិស្ថាននិងអនាម័យមានភាពប្រសើរឡើង៕ សំរិត