អ្នកស្រែជាអ្នកផលិតស្បៀងសម្រាប់ទ្រទ្រង់ក្រពះនគរខ្មែរ ប៉ុន្តែអ្នកស្រែត្រូវបាន គេប្រមាថមើលងាយពីសំណាក់អ្នករស់នៅទីក្រុង ឬទីប្រជុំជនដែលបង្កជាជម្លោះវណ្ណៈ រវាងអ្នកទីក្រុងនឹងអ្នកជនបទ។ ពាក្យ«អាស្រែ» ត្រូវបានមនុស្សមួយចំនួននិយាយដើម្បី បន្តុះបង្អាប់អ្នកជនបទជារឿយៗ ហើយពាក្យនេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ពួកគេយ៉ាងខ្លាំង ។
មានអ្នកស្រែ មានអ្នកក្រុង មានអ្នកក្រ មានអ្នកមាន មានអ្នកតូច មានអ្នកធំ ទាំង នេះជាក្រឹត្យក្រមពីធម្មជាតិដើម្បីចាត់ថ្នាក់មនុស្សនៅក្នុងសង្គម។ ទោះបីជាសម័យ នេះជាសម័យសកលភាវូបនីយកម្មហើយក៏ដោយ ប៉ុន្តែមនុស្សនៅគ្រប់សង្គមមិនថា តែ នៅកម្ពុជានោះទេបានបង្កើតឲ្យមានវណ្ណៈគ្រាន់តែគេមិនហ៊ាននិយាយពាក្យទាំងនេះ ប៉ុន្តែទង្វើរបស់មនុស្សសបញ្ជាក់ពីការរើសអើងវណ្ណៈ។ វណ្ណៈអ្នកមាន រស់ជារបៀបអ្នក មានទំនាក់ទំនងជាមួយអ្នកមានផ្សារភ្ជាប់សាច់ឈាមជាមួយអ្នកមាន។ ឯវណ្ណៈអ្នកក្រ រស់នៅជារបៀបអ្នកក្រទំនាក់ទំនងជាមួយអ្នកក្រនិងផ្សារភ្ជាប់សាច់ឈាមជាមួយអ្នកក្រ។
ជាការពិតមនុស្សមិនអាចរស់នៅដាច់តែឯងបានទេ ទោះបីជាអ្នកមាននិងអ្នកក្រ រស់នៅដាច់ឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែត្រូវការគ្នា និងមានទំនាក់ទនងគ្នា ទាំងវិស័យសេដ្ឋកិច្ច សាសនា វប្បធម៌ និងនយោបាយ។ កម្មករត្រូវការថៅកែៗក៏ត្រូវ ការកម្មករ។ អ្នកនយោបាយត្រូវការប្រជាជនៗក៏ត្រូវការអ្នកនយោបាយ អ្នកលក់ត្រូវ ការអ្នកទិញ អ្នកទិញក៏ត្រូវការអ្នកលក់ដែរ ។
ប៉ុន្តែនៅក្នុងសង្គមខ្មែរ បើជាមានមនុស្សមួយចំនួនតែងតែដៀលអ្នកស្រែថា ជា មនុស្សល្ងង់ មនុស្សមិនបានការ ឬមើលអ្នកស្រែក្នុងក្រសែភ្នែកហាក់ដូចជាសំរាម ឬជា មនុស្សគ្មានតម្លៃជាដើម។ ផ្នត់គំនិតមើលងាយអ្នកស្រែភាគច្រើនគឺចេញពីអ្នកទីក្រុង និងអ្នកដែលមានទ្រព្យស្តុកស្តម្ភមួយចំនួន តែពួកគេច្រើនតែជាមនុស្សគ្មានការយល់ ដឹងសោះតែម្តង ។
អ្នកស្រែជាអ្នកដាំដំណាំស្រូវ ពោត សណ្តែក ល្ង ដំឡូង និងដំណាំជាច្រើនប្រភេទ ទៀត។ លើសពីនេះអ្នកស្រែក៏ជាអ្នកចិញ្ចឹមសត្វដើម្បីបំពេញតម្រូវការរបស់មនុស្ស ទូទៅនៅក្នុងសង្គម។ ជាងនេះទៅទៀតនោះអ្នកស្រែរស់នៅដោយសម្មាអាជីវោ មិន ចេះកេងប្រវ័ញ្ចពុករលួយ ពោលគឺពួកគេរស់នៅដោយសេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និងមាន មនសិការខ្ពស់ចំពោះមាតុភូមិទៀតផង ។
ដ្បិតអ្នកទីក្រុងរស់នៅដោយជីវិតស៊ីវិលល័យមានផ្ទះវីឡាធំៗ មានឡានទំនើបថ្លៃៗ ប៉ុន្តែអ្នកមានមួយចំនួនធំគឺបានមកដោយសារការប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ច លួចលុយជាតិ និងធ្វើអំពើល្មើសច្បាប់ជាដើម។ លើសពីនេះជីវិតរស់នៅរបស់អ្នក ទីក្រុងគឺរស់នៅដោយការភ័យខ្លាច អាត្មានិយម គ្មានគំនិតអាណិតអាសូរ គ្មានតម្លៃនៃ ភាពស្មោះត្រង់ គិតតែប្រយោជន៍បក្ខពួក គ្រួសារខ្លួន និងរស់នៅក្នុងចំណោមមនុស្សមិន ទុកចិត្តគ្នា ។
រីឯអ្នកស្រែពួកគេរស់នៅដោយការស្រលាញ់ចេះសាមគ្គីគ្នា និងស្មោះត្រង់នឹងគ្នា។ ជាក់ស្តែងនៅពេលមានបុណ្យទានម្តងៗអ្នកស្រែមិនដែលទៅជួលអ្វីឲ្យលុយច្រើននោះទេគឺមានអ្នកជិតខាងជួយគ្នាទៅវិញទៅមកប្រកបដោយទឹកចិត្តស្មោះស។ ចំណែក ឯអ្នកទីក្រុងបើមានកម្មវិធីអ្វីមួយសុទ្ធសឹងជួលគេទាំងអស់ ហើយពិធីទៀតសោតមានអ្នកចូលរួមដោយសារតែសម្លឹងមើលផលប្រយោជន៍គ្មានចិត្តជ្រះថ្លាក្នុងការចូលរួមឡើយ ។
សូមកុំភ្លេចថា អ្នកស្រែជាអ្នកមានគុណរបស់អ្នកទីក្រុង ពីព្រោះអាហារដែលអ្នក ទីក្រុងទាំងនោះកំពុងបរិភោគសព្វថ្ងៃគឺកើតចេញពីអ្នកស្រែផលិតទាំងអស់។ ក្នុងនោះ រួមមាន បន្លែបង្ការ ត្រីសាច់ ពោត សណ្តែក ឬកសិផលផ្សេងៗជាច្រើនទៀត។
ដូច្នេះការដៀលអ្នកស្រែរបស់មនុស្សមួយចំនួនគឺជាទង្វើឆោតល្ងង់មិនស្គាល់អ្វីជាតម្លៃរបស់មនុស្ស។ ទង្វើនេះផ្ទុយនឹងពាក្យទូន្មានរបស់ច្បាប់ក្រមង៉ុយមួយឃ្លាថា «កុំដៀលអ្នកស្រែ ត្រកូលយើងខ្មែរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ»។ លើសពីនេះអ្នកមានគួរចេះជួយអ្នកក្រមានក្តីអាណិតអាសូរ និងយោគយល់គ្នា មើលគ្នាក្នុងក្រសែភ្នែកជាភាតរភាព និងជាមនុស្សជាតិដូចគ្នា សមដូចពាក្យស្លោកមួយឃ្លាថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សា ខ្លៅ ដូចសំពៅពឹងសំប៉ាន(ដូចសំពៅត្រូវពឹងពាក់ទូកតូចបន្តទៀត»៕ សំរិត