មគ្គុទ្ទេសក៍ទេសចរណ៍គាំទ្រចំពោះកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកក្នុងភូមិសាលាក្រវាន់

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្មីៗនេះសមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរមួយក្រុមបានធ្វើដំណើរមក កាន់ការដ្ឋានកំណាយស្ថានីយស្លដែកបុរាណ មួយដែលរកឃើញនៅភូមិសាលាក្រវាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ថិតក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ។ នេះជាស្ថានីយលោហកម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់ អង្គរ។

ការមកទស្សនកិច្ចនៅទីនេះគឺដើម្បីឈេ្វង យល់ពីអំពីសារសំខាន់នៃលោហៈសម្រាប់ ការប្រើប្រាស់នៅរាជធានីអង្គរព្រមទាំង ពិចារណាទ្បើងវិញអំពីប្រភពផ្គត់ផ្គង់លោហៈ ដល់អង្គរ។ តាមរយៈលទ្ធផលដែលរកឃើញ ក្នុងការដ្ឋានកំណាយគឺជាភស្តុតាងដ៏សំខាន់ សម្រាប់សិក្សាអំពីវិសាលភាពនៃទីតាំង ផលិតលោហៈព្រមទាំងពិនិត្យមើលរចនាសម្ព័ន្ធនៃចង្ក្រានស្លដែកក្នុងស្ថានីយលោហ កម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់អង្គរហើយទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មគ្គុទ្ទេសក៍លើផ្នែកអភិរក្សនិងវិស័យទេសចរណ៍។

លោក អៀង ប៉ោហេង មកពីសមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរផ្នែកភាសាអង់គ្លេស បានលើកឡើងថា នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលជាខ្លាំងដែលបានទទួលការ អញ្ជើញពីអ្នកជំនាញមកកាន់ស្ថានីយ កំណាយនេះដើម្បីស្តាប់បទបង្ហាញនិងឈេ្វង យល់ដោយផ្ទាល់ពីរបកគំហើញថ្មីនៃការស្លដែកពីសម័យបុរាណ។ លោកចាប់ អារម្មណ៍បំផុតគឺស្ថានីយនេះជាកន្លែង ផលិតលោហៈបុរាណដែលប្រទះឃើញ ដំបូងបង្អស់នៅក្នុងតំបន់អង្គរអស់រយៈ ពេល១៥០ឆ្នាំក្រោយពីការផ្តើមការស្រាវជ្រាវអំពីអង្គរ។ ភស្តុតាងដែលបានរកឃើញ ជាអំណះអំណាងបន្ថែមសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹងពីភាពអស្ចារ្យ របស់អាណាចក្រខ្មែរអង្គរ ដែលសាងសង់ប្រាសាទបានជាច្រើនដោយប្រើថ្មធំៗថា តើគាត់មានអ្វីកាត់ថ្ម គ្រឿងលើកដាក់ថ្ម ពិសេសគឺជំនាញបច្ចេកទេសស្លដែក និងការផលិតសព្វាវុធការពារក្រុងអង្គរ។ លោកបន្តទៀតថា ក្នុងនាមជាមគ្គុទ្ទេសក៍ ម្នាក់យើងត្រូវដឹងឱ្យច្បាស់និងឱ្យច្រើនពី តំបន់ទេសចរណ៍របស់យើង ទាំងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ប្រពៃណី បុរាណវិទ្យា និងរឿងផ្សេងៗទៀតដើម្បីនិយាយជូនភ្ញៀវ ស្តាប់។ លោកក៏សូមចូលរួមអបអរចំពោះលទ្ធផលកំណាយស្រាវជ្រាវដោយក្រុមអ្នក ជំនាញអាជ្ញាធរជាតិអប្សរា និងចូលរួម ចំណែកក្នុងការផ្សព្វផ្សាយពីព័ត៌មាននេះទៅកាន់ទេសចរឱ្យបានទូលំទូលាយ។ លោកក៏សំណូមពរម្ចាស់ស្រែនិងអ្នកមានសមត្ថកិច្ចសូមឱ្យរក្សាកន្លែងនេះទុកដើម្បីនាំទេសចរមកទស្សនាដែលបង្កើតការងារដល់អ្នកស្រុកតំបន់នេះតាមរយៈការលក់ ដូរផងដែរ។

លោក ជុំ ដាលីន ដែលមកពីសមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរផ្នែកភាសាអង់គ្លេស ដូចគ្នានោះក៏បន្ថែមទៀតថា នេះជាការរកឃើញថ្មីមួយដ៏គួរឱ្យរីករាយចំពោះភស្តុតាង នេះ។ លោកសូមគាំទ្រទាំងស្រុងចំពោះកិច្ច ការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរាដែល បានជួយលាតត្រដាងពីការរកឃើញថ្មីៗនៅក្នុងតំបន់អង្គរ ដើម្បីរួមចំណែកអភិរក្សនិងលើកស្ទួយវិស័យទេសចរណ៍។ លោកចង់ឱ្យអភិរក្សទីនេះទៅជាសារមន្ទីរដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដែលអាចពន្យារពេលទេសចរឱ្យស្នាក់ នៅទីនេះបានយូរ នោះប្រាក់ចំណូលដល់ ប្រជាជននិងប្រទេសក៏បានល្អប្រសើរដែរ។ លោកជឿជាក់ថា ទីនេះនឹងមានភ្ញៀវមក ទស្សនាច្រើនព្រោះទេសចរក្រៅពីចូលចិត្ត ទស្សនារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ ហើយនោះពួកគេក៏ចូលចិត្តឈេ្វងយល់ពី តំបន់បុរាណវិទ្យា របកគំហើញថ្មីៗដែរណា មួយទីតាំងភូមិសាស្ត្រនេះក៏ជាប់នឹងប្រាសាទ ចៅស្រីវិបុលនិងផ្លូវទៅភ្នំគូលែនទៀតផង។

គួរបញ្ជាក់ផងដែរថា ស្ថានីយស្លដែក បុរាណមួយនេះត្រូវបានក្រុមស្រាវជ្រាវ អាជ្ញាធរជាតិអប្សរាដឹកនាំដោយលោក អ៊ឹម សុខរិទ្ធី ធើ្វកំណាយស្រាវជ្រាវជាលើក ទី២រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៧ ហើយចំពោះលទ្ធផលដែលបានរកឃើញពីកំណាយនេះនឹងត្រូវបានបង្ហាញជាសាធារណៈបន្ទាប់ពីបញ្ចប់កំណាយជាស្ថាពរ៕

...

sr (1) sr (2) sr (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print