ភ្នំពេញ៖ តារាសម្តែងស្រីសាច់សខ្ចីថ្ពល់ខួចកញ្ញា លឿង គីមហុង ហៅកញ្ញា ទេព កញ្ញា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយមធ្យមមួយគម្រប់អាយុ១៩ឆ្នាំកាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានវីហ្វ្រេន។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោយពីការងារសិល្បៈរបស់តារាស្រីវ័យក្មេងរូបនេះហក់ឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
សម្រាប់ពិធីខួបកំណើតគម្រប១៩ឆ្នាំនេះគឺទេព កញ្ញា បានអញ្ជើញភ្ញៀវកិត្តិយប្រមាណជាង១០០នាក់ដែលមួយភាគធំជាអ្នកសិល្បៈរួមអាជីព។ នាងបញ្ជាក់ថា នេះគឺជាការជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួនប៉ុណ្ណោះមិនគ្រប់គ្នាទេព្រោះតែឆ្នាំមុននាងបានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋានវីហ្វ្រេននេះម្តងហើយដែរ។ បំណងប្រាថ្នាសម្រាប់នាងនៅថ្ងៃខួបកំណើតនេះគឺចង់ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។
ងាកមកការងារសិល្បៈវិញ ទេព កញ្ញា ទទួលបានការសម្តែងប្រមាណ៨រឿងរួចមកហើយ ហើយភាគច្រើនក្នុងតំណែងជាតួឯក។ ដោយមានការជួយណែនាំពីម្តាយមីង គឺអ្នកនាងព្រំ រដ្ឋា បូករួមទាំងសមត្ថភាព ទេពកោលសល្យ និងរូបសម្រស់ដែលជាដើមទុនសំខាន់សម្រាប់ប្រកួតប្រជែងជាមួយនឹងសិល្បករដទៃគឺនាងមានគ្រប់គ្រាន់។ ជាក្មួយស្រីបង្កើតរបស់តារាសម្តែង ព្រំ រដ្ឋា តារាសម្តែងរូបនេះ ទទួលបានឱកាសការងារច្រើនទាំងការសម្តែង និងបង្ហាញម៉ូដ ។ ខ្សែភាពយន្តដែលធ្វើឲ្យ ទេព កញ្ញា លេចមុខមាត់ខ្លាំងមានដូចជារឿងភាគរបស់ទូរទស្សន៍MY TVរឿង “វិថីនារី” ខ្សែភាពយន្តខ្នាតធំដែលសហការផលិតរវាងខ្មែរ និងបរទេសគឺរឿង”សង្គ្រាមបងប្អូន” រឿង”ស្នេហ៍បញ្ច្រាសទិស”របស់ផលិតកម្មចក្រវាឡពេជ្រជាដើម។ តារាស្រីដែលមានទឹកដីកំណើតពីខេត្តតាកែវរូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងទទួលបានតំណែងជាតួឯកស្រី៣រឿងព្រមគ្នាគឺមានដូចជារឿង”ស្រទន់មន្តស្នេហ៍” រឿង”ម្ចាស់គ្រងបេះដូង” និងរឿង”ផ្ការីកក្នុងចិត្ត”ជាដើម។
អតីតបេក្ខនារី ប្រឡង”សម្រស់ ម៉ូដែលខ្មែរ២០១៣”របស់ស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣រូបនេះបានបញ្ជាក់ថា ខ្សែភាពយន្តនេះសុទ្ធតែស្ថិតក្រោមការផលិតយ៉ាងសម្រិតសម្រាំង ដើម្បីប្រាកដថា ជាខ្សែភាពយន្តដែលមានគុណភាពប្រកួតប្រជែង ហើយនាងរំពឹងដែរថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យនាងវាយលុកទីផ្សារកាន់តែខ្លាំងសម្រាប់ដើមឆ្នាំ២០១៧នេះ។ តារាសម្តែងស្រីវ័យ១៨ឆ្នាំរូបនេះលើកឡើងដែរថា នាងនឹងបន្តព្យាយាមសម្រាប់ឆ្នាំបន្ទាប់ទៀតដើម្បីបន្តក្តាប់យកឱកាសការងារកាន់តែធំជាងមុន៕ វឌ្ឍនា