ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡា ប្រដាល់កម្ពុជាបានសម្រេចរៀបចំក្បាលម៉ាស៊ីនជា២ដើម្បីស្វែងរកការគាំទ្រពី បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាសម្រេចឲ្យខាងតែបាននូវផែនការដាក់បញ្ចូលកីឡាប្រដាល់ក្បាច់គុនខ្មែរចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំលើកដំបូងនេះ ។
ការសម្រេចនេះបានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំថ្ងៃរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា និងបានប្រកាសជាផ្លូវការនូវគម្រោងបំបែក សហព័ន្ធកីឡាទាំង២ប្រភេទនេះឲ្យដាច់ស្រឡះពីគ្នាដោយរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីសម្រាប់ដំណើរឆ្ពោះទៅរកគុណវុឌ្ឍិ របស់អត្តពលិកកីឡាប្រដាល់សាកល និងកីឡាប្រដាល់ក្បាច់គុនខ្មែរ ត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ខាងមុខ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថា ដល់ពេលវេលាដែលសហព័ន្ធត្រូវកែ ទម្រង់ដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីប្រកបដោយគុណភាព។ ប្រសិន បើយើងមិនកែទម្រង់ទេ ឆ្នាំ២០២៣យើងគ្មានកីឡាករប្រកបដោយគុណវុឌ្ឍិនោះទេ។ ជាមួយនឹងកំណែទម្រង់ថ្មីរបស់កីឡាប្រដាល់សាកល និងប្រដាល់ក្បាច់គុនខ្មែរ ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខា ធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានចាត់ទុកការកែទម្រង់នេះ គឺជាដំណើរឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពកីឡា ប្រកបដោយគុណវុឌ្ឍិយ៉ាងពិតប្រាកដ។
លោកអគ្គលេខាធិការបានផ្តល់អនុ សាសន៍មួយចំនួនដល់ប្រធានអនុប្រធាន សហព័ន្ធកីឡាទាំង២ ដែលទើបបំបែក សមាសភាពគ្រប់គ្រងថ្មីថាដើម្បីធ្វើឲ្យ ប្រសើរឡើងនូវសមត្ថភាពក៏ដូចជាប្រសិទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍនាវាកីឡាទាំង២ឲ្យទទួលបានជោគជ័យនាថ្ងៃអនាគត សហព័ន្ធនីមួយៗ ត្រូវតែមានអគ្គលេខាធិការចេះរៀបចំយុទ្ធសាស្ត្រ រៀបចំរបៀបគ្រប់គ្រងយ៉ាងល្អនៅក្នុងសហព័ន្ធ ។
លោកបានបញ្ជាក់ថា ថ្វីដ្បិតសហព័ន្ធនេះបានបំបែកជា២ក៏ពិតមែនតែមនុស្សដឹកនាំនៅដដែលទេ ដូច្នេះត្រូវតែដឹងថាសហព័ន្ធអាចខ្លាំងទៅបាន ត្រូវតែផ្អែកលើគោលការណ៍ចំនួន៤ចំណុច គឺទី១-រៀបចំរដ្ឋបាលកីឡាឲ្យប្រសើរឡើងតាមយន្ដការដឹកនាំមួយច្បាស់លាស់មានទំនាក់ទំនងក្នុងនិងក្រៅប្រទេស។ ទី២-ការអភិវឌ្ឍបច្ចេកទេស កីឡាករកីឡាការិនីសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។ ដូច្នេះហើយទាំងសហព័ន្ធប្រដាល់សាកល និងសហព័ន្ធប្រដាល់ គុនខ្មែរត្រូវតែមាន អាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្តរជាតិយ៉ាងតិច១០នាក់ ។ទី៣-ត្រូវចេះគ្រប់គ្រងរៀបចំការប្រកួតឲ្យបានត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ និងទី៤-ស្វែងរកចលនាឧបត្ថម្ភពីដៃគូឯកជន និង ទីផ្សារកីឡាក្នុងនិងក្រៅស្រុក ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់ គុនខ្មែរមានសមាជិកប្រតិបត្តិ១៣នាក់ គឺ លោក តែម ម៉ឺន ប្រធានសហព័ន្ធ លោក វ៉ា ស៊ិនភិរម្យ ជាអនុប្រធានទី ១ លោកវេជ្ជ បណ្ឌិតឆឹង យ៉ៅយ៉េន អនុប្រធាន លោក ម៉ិល កាដូ ជាអគ្គលេខាធិការអ្នកស្រី ប៉ឹង សំអាង ជាអគ្គហេរញ្ញិក លោកនិន ភិរម្យ សមាជិក លោក គឹម ឡាវី សមាជិក លោក ចាន់ សុទ្ធ សមាជិកលោក ថុក ប៊ុនធឿន សមាជិក លោក រាជ សុផែនសមាជិក លោកទេស សូសមាជិក លោកមាស សុខគ្រី សមាជិក និងលោកគួន សុវណ្នឌី សមាជិក ។
ដោយឡែក សហព័ន្ធកីឡាប្រដាល់ សាកលមានសមាជិកប្រតិបត្តិ១៥នាក់ ក្នុងនោះលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធាន និងអនុប្រធាន៣នាក់ លោកវ៉ា ស៊ិនភិរម្យលោកម៉ិល កាដូ និងលោកមាស វុទ្ធី ។ អគ្គលេខាធិការលោក ប៊ួយ សោភ័ណ្ឌ លោក និន វ៉ាន់ដា អគ្គហេរញ្ញិក និងសមាជិកប្រតិបត្តិ៩នាក់ទៀត៕ សារីម