ពលរដ្ឋអាមេរិកភាគច្រើនចង់ឲ្យលោក អូបាម៉ា វិលត្រឡប់មកធ្វើជាប្រធានាធិបតីវិញ

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិនាពេលកន្លង មកថ្មីៗបានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិករហូតដល់ទៅ៥២ភាគរយមានបំណង ចង់ឲ្យលោក អូបាម៉ា វិលត្រឡប់ចូលកាន់ តំណែងប្រធានាធិបតីនៅសេតវិមានវិញ។ ជាមួយគ្នានោះពលរដ្ឋអាមេរិក៤០ភាគរយចង់ឲ្យដកតំណែងប្រធានាធិបតីពីលោក ត្រាំ ។

សារព័ត៌មាន independent បានផ្សព្វ ផ្សាយនូវលទ្ធផលស្ទង់មតិរបស់បណ្តាញ Public Policy Polling ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែកុម្ភៈ ថាមាន ពលរដ្ឋអាមេរិកតែ៤៣ភាគរយប៉ុណ្ណោះ បានស្រឡាញ់ចូលចិត្តលោក ដូណាល់ ត្រាំ ចំណែកជាងពាក់កណ្តាលទៀតចង់ឲ្យ លោក អូបាម៉ា វិលត្រឡប់មកធ្វើជាប្រធានាធិបតីអាមេរិកវិញ។

ក្រៅពីនេះពលរដ្ឋអាមេរិក៤០ភាគរយចង់ឲ្យដកតំណែងប្រធានាធិបតីពីលោក ត្រាំ គឺកើនឡើង៥ភាគរយបើប្រៀបធៀបនឹង១សប្តាហ៍កន្លងមក។ ជាមួយគ្នានោះ ពលរដ្ឋអាមេរិកជាងកន្លះលាននាក់បានចុះហត្ថលេខាលើពាក្យបណ្តឹងប្តឹងលោក ត្រាំ។

តាមសារព័ត៌មាន independent ចំនួន ពលរដ្ឋគាំទ្រលោកត្រាំធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេល២សប្តាហ៍កាន់តំណែងនៅសេតវិមាន។ ជាមួយគ្នានោះ ពលរដ្ឋអាមេរិក២៦ភាគរយបានគាំទ្រនឹងច្បាប់បម្រាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិករបស់លោកត្រាំ។

កន្លងមកការស្ទង់មតិរបស់បណ្តាញ ព័ត៌មាន CNN/ORC បានបង្ហាញឲ្យឃើញថាពលរដ្ឋអាមេរិកមានទំនុកចិត្តលើលោកត្រាំតែ៤០ភាគរយប៉ុណ្ណោះគឺទាបជាង អតីតប្រធានាបតី អូបាម៉ា ជាច្រើន។

នៅពេលនេះដែរបាតុកម្មប្រឆាំងលោកត្រាំ កើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោកពិសេសគឺប្រទេសនៅតំបន់អឺរ៉ុបមាន អង់គ្លេស អាល្លឺម៉ង់និងហុល្លង់ជាដើម។ បាតុកម្មទាំងនោះគឺប្រឆាំងនឹងបម្រាមជនភៀសខ្លួនរបស់លោក ត្រាំ ដែលជាការរើស អើងប្រកាន់ជាតិសាសន៍សាសនា ។

ពាក់ព័ន្ធនឹងករណីនោះដែរអគ្គលេខា ធិការថ្មីរបស់អង្គការសហប្រជាជាតិលោកអង់ តូនីញ៉ូ ហ្គុយទែរ៍ បាននិយាយជាសាធារណៈ ទាមទារឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំលុបចោលវិធានការប្រឆាំងអន្តោប្រវេសន៍ ដែលកំពុងតែរារាំងមិនឲ្យជនភៀសខ្លួន និងប្រជាជនមកប្រទេសកាន់សាសនា អ៊ិស្លាមចំនួន៧ចូលទៅ ក្នុងទឹកដីអាមេ រិក។ សម្រាប់ប្រធានអង្គការសហប្រជា ជាតិវិធានការរបស់លោកដូណាល់ ត្រាំ កំពុងរំលោភគោលការណ៍គ្រឹះរបស់មនុស្ស។

“ការទទួលបន្ទុកជនភៀសខ្លួនគឺជាកាត ព្វកិច្ចរបស់យើង” នេះជាការរំលឹករបស់ លោកអង់តូនីញ៉ូ ហ្គុយទែរ៍ ដែលធ្លាប់ធ្វើជាប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀស ខ្លួនរយៈពេល១០ឆ្នាំមុននឹងចូលកាន់តំណែង ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅដើមខែឆ្នាំនេះ។ តាមក្រឹត្យប្រធានា ធិបតីដែលធ្វើឡើងក្នុងហេតុផលសន្តិសុខជាតិរដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកព្យួរក្នុងរយៈពេល៤ខែមិនឲ្យប្រជាជនមកពីប្រទេសកាន់សាសនាអ៊ិស្លាមចំនួន៧ គឺអុីរ៉ង់ អុីរ៉ាក់ យេម៉ែន លីប៊ី សូម៉ាលី ស៊ូដង់ និងស៊ីរី ធ្វើដំណើរចូលទៅអាមេរិក។ ក្រឹត្យ របស់លោកដូណាល់ ត្រាំ បិទទ្វារផងដែរ មិនទទួលជនភៀសខ្លួនក្នុងរយៈពេល៣ខែក្នុងពេលដែលជនជាតិស៊ីរីត្រូវបានហាមឃាត់មិនឲ្យចូលអាមេរិកដោយគ្មានកាលកំណត់។

វិធានការរឹតបន្តឹងជនអន្តោប្រវេសន៍ របស់អាមេរិកនឹងគ្មានប្រសិទ្ធភាពទេ បើសិន ជាគេបង្កើតវាឡើងក្នុងគោលដៅទប់ស្កាត់ មិនឲ្យក្រុមភេរវជនធ្វើដំណើរចូលទៅក្នុងទឹកដីអាមេរិក។ នេះបើតាមការវាយតម្លៃ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានពន្យល់បន្ថែមថា ពិភពលោកកំពុង ប្រឈមនឹងក្រុមភេរវនិយមដែលស្មុគ ស្មាញ និងឆ្លាតវៃបំផុត។ បើសិនជាក្រុមភេរវ ជនចង់វាយប្រហារប្រទេសដូចជាអាមេរិក នោះពួកគេមិនប្រើលិខិតឆ្លងដែនរបស់ប្រទេសដែលអាមេរិកហាមឃាត់នោះទេ។ ពួកគេប្រាកដជាប្រើលិខិតឆ្លងដែនរបស់ប្រទេសអភិវឌ្ឍន៍ឬទាក់ទងប្រើមនុស្សដែល ស្ថិតនៅរួចហើយ ក្នុងទឹកដីអាមេរិក។

ប្រមុខដឹកនាំអង្គការសហប្រជាជាតិហ៊ានចេញមុខរិះគន់ ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកនេះជារឿងដ៏កម្រមួយ។ ចំណែកលោក ដូណាល់ ត្រាំ វិញ ដែល ទើបក្លាយជាប្រធានាធិបតីអាមេរិកដែលរិះគន់ស្ថាប័នអង្គការសហប្រជាជាតិថា គ្មានប្រយោជន៍នោះធ្លាប់បានប្រកាសពីចេតនាចង់កាត់បន្ថយប្រាក់ឧបត្ថម្ភរបស់អាមេរិកទៅមូលនិធិរបស់អង្គការសហប្រជាជាតិ។

នៅក្នុងសន្និសីទកាសែតអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយទែរ៍បានចេញមុខរិះគន់ចំៗ វិធានការរឹតបន្តឹងជនអន្តោប្រវេសន៍របស់ រដ្ឋបាលលោកដូណាល់ ត្រាំ។ សម្រាប់អគ្គ លេខាធិការអង្គការសហប្រជាជាតិវិធានការរបស់លោកដូណាល់ ត្រាំ ដែលកំពុង ហាមឃាត់មិនឲ្យប្រជាជនមកពីប្រទេស អ៊ិស្លាមចូលក្នុងទឹកដីអាមេរិកកំពុងរំលោភមូលដ្ឋានគ្រឹះ។ ដូច្នេះលោកបានអំពាវនាវសុំឲ្យលោកដូណាល់ ត្រាំ លុបចោល ក្រឹត្យ ប្រឆាំងជនអន្តោប្រវេសន៍ឲ្យបានកាន់តែឆាប់៕

usa (2) usa (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print