ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរព្រំដែន កម្ពុជា-ថៃបានឯកភាពគ្នាទៅលើការយោគ យល់ទៅវិញទៅមក បើពលរដ្ឋខ្មែរ ឬពល រដ្ឋថៃចូលឆ្លងដែនប្រព្រឹត្តបទល្មើសខុស ច្បាប់ក្នុងទឹកដីប្រទេសទាំង២មិនត្រូវបាញ់ សម្លាប់ ឬអនុវត្តក្រៅប្រព័ន្ធច្បាប់នោះ ឡើយ ពោលគឺខិតខំព្យាយាមចាប់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ជាជម្រើសប្រសើរ បំផុត ។
ការឯកភាពគ្នារវាងភាគីកម្ពុជា-ថៃនៅក្នុងកិច្ចប្រជុំពិភាក្សាពង្រឹងសាមគ្គីភាពរវាង អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យនឹងអាជ្ញាធរស្រុកអារញ្ញ ខេត្តស្រះកែវ ដែលជាស្រុកក្រុងជាប់ព្រំដែនគ្នា និងមាន ប្រជាជនខ្មែរថៃក្នុងមួយថ្ងៃៗចេញចូលទៅ វិញទៅមកដើម្បីប្រកបមុខរបរនិងការធ្វើ ជំនួញ។
កិច្ចប្រជុំបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដឹកនាំ កិច្ចប្រជុំដោយលោក ង៉ោ ម៉េងជ្រួន អភិ បាលក្រុងប៉ោយប៉ែត។ ចំណែកភាគីថៃ មានលោក សាវណិត សុរិយាកុន ណាអា យុទ្ធយ៉ា ជាអភិបាលស្រុកអារញ្ញ ។
កិច្ចប្រជុំពិភាក្សារវាងអាជ្ញាធរស្រុកក្រុង ប្រទេសទាំង២បានឯកភាពគ្នាលើចំណុចខាងលើត្រូវគេមើលឃើញថា កន្លមកភាគីថៃមិនបានអនុវត្តត្រឹមត្រូវទៅតាមអ្វីដែលជាខ្លឹមនៃកិច្ចប្រជុំនោះទេ មានពលករខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងដីថៃ ឬទៅប្រព្រឹត្តបទល្មើសខុសច្បាប់មូយ ចំនួនទៀតត្រូវបានទាហានថៃបាញ់សម្លាប់ និងបាញ់ឱ្យរងរបួសជាបន្តបន្ទាប់។ ភាគីថៃតែងតែសង្កេតឃើញការនិយាយនៅ ក្នុងកិច្ចប្រជុំមានការឯកភាពថា មិនបាញ់សម្លាប់ពលករខ្មែរប្រព្រឹត្តបទល្មើសខុស ច្បាប់នៅក្នុងដីថៃទេ។ ប៉ុន្តែនៅពេលភាគី ថៃយកទៅអនុវត្តនោះវិញមិនដូចទៅនឹងអ្វី ដែលភាគីថៃនិយាយក្នុងកិច្ចប្រជុំជាមួយភាគីកម្ពុជាឡើយ។
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចូល ប្រព្រឹត្តបទល្មើសក្នុងដីថៃនៅតែប្រឈមនឹង គ្រោះថ្នាក់ដោយការបាញ់សម្លាប់ និងបាញ់ ឲ្យរងរបួសពីសំណាក់ទាហានថៃដដែល។ បញ្ហានេះកន្លងមកបានជជែកពិភាក្សាជាច្រើន ដងមកហើយរវាងភាគីទាំង២លើការឯកភាពគ្នាថាមិនបាញ់សម្លាប់ពលរដ្ឋប្រទេស ទាំង២ក្នុងការឆ្លងដែនខុសច្បាប់ទាំងក្នុង កិច្ចប្រជុំថ្នាក់តំបន់ ថ្នាក់ភូមិភាគ និងប្រជុំ ថ្នាក់ជាតិជាដើមនោះ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែតបានឱ្យដឹងកិច្ចប្រជុំខាងលើ ជំរុញឲ្យទំនាក់ទំនងសាមគ្គីភាពឱ្យស៊ី ជម្រៅបន្ថែមទៀតរវាងអាជ្ញាធរស្រុក ក្រុង ជាប់ព្រំដែនទាំង២។ ក្នុងនោះភាគីទាំង២ បានឯកភាពរួមមាន ទី១-សហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែនរវាងក្រុងប៉ោយប៉ែត នឹងស្រុកអារញ្ញ, ទី២-លុបចោលការលក់និងប្រើប្រាស់សំបុត្រចេញចូលតម្លៃ១០បាត, ទី៣-ស្នើឱ្យថៃយោគយល់សម្រប សម្រួលដល់កិច្ចការងាររកស៊ីរបស់អាជីវករ ខ្មែរនៅផ្សាររុងក្លឿ ជាពិសេសទំនិញដែលបងប្អូនប្រជាពលរដ្ឋលក់នៅក្នុងផ្សារ ទី៤-ជំរុញឱ្យមានការបើកច្រកស្ទឹងបត់បានឆាប់ រហ័សដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ ច្រកអន្តរជាតិប៉ោយប៉ែត ។
សូមបញ្ជាក់ថា នៅច្រកអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យឈមនឹងច្រក អន្តរជាតិខ្លងឡឹក ស្រុកអារញ្ញខេត្តស្រះកែវ ត្រូវគេមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានការកកស្ទះចរាចរណ៍ដោយរថយន្តតូច ធំដឹកទំនិញ និងរទេះអូសដឹកទំនិញរបស់ កម្មករការធ្វើផ្លូវរថយន្តភ្លើងតភ្ជាប់ពីប្រទេស ថៃចូលមកកម្ពុជានាំឱ្យច្រកម។ ចង្អៀតបង្កឱ្យប៉ះពាល់ដល់ការធ្វើដំណើរចេញចូល របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជា ខ្លាំង។ បញ្ហានេះហើយដែលនាំឲ្យរាជរដ្ឋាភិបាលប្រទេសទាំង២ កម្ពុជា-ថៃ បានព្រមព្រៀងឯកភាពគ្នាដើម្បីបើកច្រកព្រំដែន មួយទៀតនៅចំណុចស្ទឹងបត់ ស្ថិតក្នុងក្រុង ប៉ោយប៉ែត ប៉ុន្តែច្រកព្រំដែនស្ទឹងបត់នៅ មានការយឺតយ៉ាវមិនទាន់ដំណើរនៅក្នុងការសាងសង់តភ្ជាប់ចេញនៅឡើយទេ៕ សំ វិច្ឆិកា