នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្តក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនឲ្យយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់អតីយុទ្ធជន

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានបន្តក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនឲ្យយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់អតីយុទ្ធជន និងត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមរបស់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងអំឡុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន ដើម្បីបូកសរុបលទ្ធផលការងាឆ្នាំ២០១៦ និងលើទិសដៅបន្តឆ្នាំ២០១៧ របស់សមាគមអតីតយុទ្ធជននាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ។ នាយឧត្តមសេនីយ៍ គន់ គីម បានវាយតម្លែខ្ពស់ចំពោះលទ្ធផលការងារ ដែលសមាគមសម្រេចបានក្នុងឆ្នាំ២០១៦ កន្លងទៅ ហើយបានសម្តែងការកោតសរសើរចំពោះសមាគម ដែលបានពុះពារការលំបាក រួមសាមគ្គី សហការគ្នា បំពេញការងារយ៉ាងមមាញឹក ធ្វើឲ្យសកម្មភាពសមាគមមានការប្រែប្រួលជាងមុន រួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជនផង និងបង្ហាញសាធារណជនមើលឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាពិសេស ចំពោះអតីតយុទ្ធជនកម្ពុជា។ អតីតយុទ្ធជនត្រូវបានចាត់ទុកជាអ្នកមានស្នាដៃដ៏ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិក្នុងរំដោះប្រទេសចេញពីភ្លើងសង្រ្គាម និងសាងសុខសន្តិភាពជូនជាតិមាតុភូមិមកដល់ពេលបច្ចុប្បន្ននេះ។

ពេញមួយឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនដទៃទៀត ត្រូវបានគេមើលឃើញថា បានធ្វើដំណើរយ៉ាងសស្រាក់សស្រាំចុះទៅជួបជាមួយអតីតយុទ្ធជននៅទូទាំងប្រទេស ដើម្បីបានយល់ច្បាស់ពីបញ្ហាជីវភាព និងទុក្ខលំបាកកំពុងជួបប្រទះ ហើយបញ្ហាជាច្រើនត្រូវបានដោះស្រាយជូនអតីតយុទ្ធជនផងដែរ។ តាមរយៈនៃការចុះជួបសួរសុខទុក្ខជាបន្តបន្ទាប់នោះ បានធ្វើឲ្យអតីតយុទ្ធជនជាសមាជិកសមាគមនៅគ្រប់កន្លែងមានការសប្បាយរីករាយ និងការគាំទ្រលើការដឹកនាំរបស់សមាគមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន។

តែទោះបីជាយ៉ាងណាក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ខិតខំបន្តចុះជួបស្វែងយល់សុខទុក្ខ និងជីវភាព អតីតយុទ្ធជនតាមគ្រួសារនីមួយៗ ហើយរិះរកគ្រប់លទ្ធភាពជួយដោះស្រាយទុក្ខកង្វល់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា សូមមេត្តាជួយឧបត្ថម្ភទាំងសម្ភារៈ និង ថវិកា ដល់ អតីត យុទ្ធជន ក្រីក្រ ដើម្បីលើកកំពស់ជីវភាព និងកំពុងត្រូវការចាំបាច់នូវជម្រកស្នាក់នៅ។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ជាទូទៅការបើកផ្តល់ប្រាក់មរណសង្រ្គោះមានដំណើការល្អ និងទាន់ពេលវេលា ដោយមិនទុកឲ្យមានការជំពាក់ប្រាក់សពដូចមុនឡើយ។

ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ សមាគមបានបើកផ្តល់ជូនសមាជិក ដែលមរណភាពបាន ១,៥៧៣សព ក្នុងនេះថវិកាសមាគមចំនួន ១,២២៧សព ថវិកាសម្តេចតេជោចំនួន ៣០០សព និងថវិកាសប្បុរសជនចំនួន ៤៦សព។ សមាគម ក៏បានផ្តល់ឲ្យខេត្តមួយចំនួនខ្ចីថវិកាពី ២០ ទៅ ៤០លានរៀល សម្រាប់ត្រៀមបើកជូនគ្រួសារសព ដែលស្លាប់លើសការកំណត់ប្រមាណពី ៥ ទៅ ១០សព ផងដែរ។
តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងទៅ សមាគមបានរកឃើញអតីតយុទ្ធជនទ័លលំបាកចំនួន ៣,៨៥២គ្រួសារ ក្រីក្រចំនួន ៣៤,៤៦៣គ្រួសារ ក្នុងនេះអ្នកដែលមានដី គ្មានផ្ទះ ឬ មានផ្ទះ មិនសមរម្យ ៣,៩០០គ្រួសារ និងអ្នកដែលគ្មានទាំងដី ទាំងផ្ទះ ចំនួន ៤,៥៦៣គ្រួសារ ។

តាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន បានសម្រេច សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ ចំនួន ៣១៣ខ្នង។ ក្នុងនោះនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍តេជោ ៣១៧ភ្នំឆ័ត្រ ចំនួន ១៥០ខ្នង និងនៅតាមរាជធានី ខេត្តបានចំនួន១៦៣ខ្នង ៕

...

Kunkim-1 (1) Kunkim-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print