សម្តេចតេជោ ហ៊ុន សែន ជួបភិភាក្សាការងារជាមួយលោកប្រធានាធិបតីមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក U Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព ។

លោកប្រធានាធិបតីបានអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជាដែលកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិស័យសេដ្ឋកិច្ច និងវិស័យដទៃៗទៀត។ លោកប្រធានាធិបតីក៏បានជម្រាបជូនសម្តេចតេជោផងដែរ អំពីដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ រួមជាមួយដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមកនោះ គឺបានពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបានកាន់តែខ្លាំងរឹងមាំបន្ថែមទៀត។

លោកប្រធានាធិបតីមីយ៉ានម៉ា ក៏បានលើកឡើងផងដែរអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានការកើនឡើងកាលពីឆ្នាំ២០១៥ និង២០១៦កន្លងទៅ ដែលនេះជាសូចនាករបង្ហាញថាប្រទេសយើងទាំងពីរនឹងមានសក្តានុពលយ៉ាងខ្លាំងក្នុងការពង្រីក និងពង្រឹង បង្កើននូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងនោះដែរវិស័យទេសចរណ៍ គឺជាវិស័យដែលមានសក្តានុពលខ្ពស់ លោក U Htin Kyaw បានស្នើសុំឲ្យមានការពង្រឹង និងពង្រីកបន្ថែមទៀតលើវិស័យទេសចរណ៍ ជាពិសេសគឺសុំឲ្យលោករដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពង្រឹងកិច្ចសហការគ្នាដើម្បីពិចារណាធ្វើយ៉ាងណាឲ្យមានការរៀបចំនូវទេសចរណ៍ជាកញ្ចប់ នៅទីក្រុងសៀមរាប និងទីក្រុងបាកាន។

ឯកឧត្តម UHtin Kyaw ក៏បានជម្រាបជូនសម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលក្នុងនោះមានសង្ឃកម្ពុជា០៣អង្គកំពុងសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ លោកប្រធានាធិបតីមីយ៉ាន់ម៉ាបានស្នើសុំឲ្យមានការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត ក្នុងនោះរួមមានដូចជាកម្មវិធីផ្លាស់ប្តូរសិស្សទៅវិញទៅមកជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលេជ្រៅចំពោះ លោកប្រធានាធិបតី U Htin Kyaw ដែលបានកោតសរសើរដោយបានងឃើញច្បាស់ពីការរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជាង៦០ឆ្នាំកន្លងមកនេះ គឺកំពុងតែមានការរីកចម្រើន ហើយយើងមានការងារ ដែលកំពុងធ្វើជាមួយគ្នា។ លើសពីនេះទៀត ប្រទេសទាំងពីរគប្បីពិនិត្យមើលការងារអាទិភាពទាំងឡាយ ដែលអាចមាន ដើម្បីធ្វើយ៉ាងណា ជម្រុញទំនាក់ទំនងនេះ ឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនធំធាត់ខ្លាំងថែមទៀត។

សម្តេចតេជោ បានឯកភាពទៅនឹងអ្វីដែលជាឥទ្ធិពលដើម្បីជម្រុញទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានដឹកនាំកិច្ចប្រជុំប្រទេសបួន កន្លងមក ក្នុងនោះគឺប្រជុំដែលលើប្រធានបទប្រទេសបួនទិសដៅទេសចរណ៍តែមួយ។

ទាក់ទងនឹងវិស័យទេសចរណ៍នេះ សម្តេចបានមានប្រសាសន៍ថា គប្បីជម្រុញឲ្យភ្ជាប់គ្នារវាងទេសចរណ៍និងទេសចរណ៍ រវាងប្រជាជននិងប្រជាជន បន្ថែមទៀតព្រមទាំងបញ្ចូលនូវវប្បធម៌ នៃប្រទេសទាំងពីរផង ព្រោះថាប្រទេសទាំងពីរ មានភាពប្រហាក់ប្រហែលគ្នាខ្លាំងណាស់។ បន្ថែមលើវិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលយើងមានស្រាប់នេះ សម្តេចក៏បានផ្តល់ជាអនុសាសន៍ ឲ្យពិនិត្យមើលជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ ACMEC, CLMV, មេគង្គ, GMS ក៏ដូចជាអាស៊ានផងដែរ។ ដែលយន្តការទាំងនេះ អាចធ្វើយ៉ាងណាជម្រុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានទទួលនូវសមណសង្ឈ ទៅ
សិក្សានៅមីយ៉ាន់ម៉ា ហើយសម្តេចក៏បានស្នើសុំឲ្យមានកិច្ចពិភាក្សាគ្នា លើបញ្ហានេះ ជាពិសេសលើការផ្លាស់ប្តូរ អាហារូបករណ៍ របស់សិស្សមកសិក្សានៅកម្ពុជា និងសិស្សទៅសិក្សានៅមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនៈកិច្ច របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅកាន់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ។ កិច្ចពិភាក្សាថ្ងៃនេះគឺបាន ទទួលនូវលទ្ឋផលគួរជាទីមោទនៈបំផុត៕

...

IMG_0879 IMG_0880 IMG_0881 IMG_0882 IMG_0883 IMG_0884 IMG_0885 IMG_0886

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print