ខេត្តកំពង់ធំ ៖ កម្លាំងចម្រុះខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន ប្រសិទ្ធ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទធ្វើឡើងជាច្រើនចំណុច រួមមាន ៖ កំព្រាម ឃុំពាមបាង ស្រុកស្ទោង និងជ្រោយវែង , ដងទង់ , កន្ទុយបាយក្អែក និងកោះបឹងស្រែ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ត្រី យិន ប្រសិទ្ធ បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនាយកដ្ឋាន សហការណ៍ជាមួយកម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទមាន លប , ណរ៉ាវ បានទទួលលទ្ធផលដូចខាងក្រោម ៖
របាំងសាច់អួន៨ខ្សែ ប្រវែង២២៦០ម៉ែត , ក្បាលឡុកចំនួន២កង , សាច់បរ ១មាត់ ,បង្គោល៤៨២០ដើម ,របាំងស្បៃមុងចំនួន២ខ្សែ ប្រវែង៥០០ម៉ែត្រ និងបានព្រលែងត្រីឲ្យចូលបឹងធម្មជាតិវិញប្រមាណ៥គីឡូក្រាម ។
គួរបញ្ជាក់ផងដែរថា ការត្រួតពិនិត្យកន្លងមកឃើញថា នៅខេត្តកំពង់ធំ និង កំពង់ឆ្នាំង បទល្មើសនេសាទកើតមានច្រើន ខណៈនៅបាត់ដំបង , សៀមរាប , ពោធិ៍សាត់ មិនសូវកើតមានទេ ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះរបស់ក្រសួងបានបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលប្រើប្រាស់ឧបករណ៍ អួនក្រឡាញឹកប្រើប្រាស់ ម៉ាស៊ីនអូសទាញ និងឧបករណ៍ យ៉ុំាងកាវ ជាច្រើនវង់ និងចាប់ឃាត់ខ្លួន មនុស្ស៤១នាក់ ។
សម្តេចក្រឡាហោម ស ខេ ង ដែលជាប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប និងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានសម្រេចកោះអញ្ជើញ អភិបាលខេត្តទាំងពីរមកភ្នំពេញ ដើម្បីជួបប្រជុំរក ដំណោះស្រាយ កាលពីថ្ងៃទី២៨ ខែមករា ។ ចំពោះខេត្តសៀមរាប បាត់ដំបង , ពោធិ៍សាត់វិញ អញ្ជើញត្រឹម អភិបាលរងខេត្តមកចូលរួម ។
សូមរំឭកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានដកអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប បើខេត្តណានៅតែមានបទល្មើសនេសាទកើតមានច្រើន ។
សម្តេចបានសង្កត់ធ្ងន់ថា នឹងបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បី ដោះស្រាយឲ្យបាននូវបញ្ហាបទល្មើលនេសាទនៅក្នុងបឹងទន្លេសាបនេះ ។
ការថ្លែងរបស់សម្តេចក្រឡាហោមនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០១៦ និងលើកទិស ដៅ ឆ្នាំ២០១៧ របស់សាលាខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក ។
សូមបញ្ជាក់ថា ថ្ងៃមួយសម្តេចក្រឡាហោមបានជិះយន្តហោះទៅបាត់ដំបង ដោយឆ្លងកាត់បឹងទន្លេសាប សម្តេច មើលពីលើឃើញថា បទល្មើសនេសាទ មានច្រើនទាំងនៅកណ្តាលបឹងទន្លេសាប និង ព្រៃលិចទឹក នៅជុំវិញ ដែលបញ្ហានេះចាំបាច់ត្រូវឲ្យយើងដោះស្រាយជាបន្ទាន់ ៕