កីឡាល្បុកត្តោកម្ពុជានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រាឈីងហ្គេអន្តរជាតិដ៏ធំនៅប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ប្រភេទកីឡាល្បុកត្តោកម្ពុជា ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា សហជាមួយក្រសួងវប្បធម៌និងវិចត្រសិល្បៈ នាំយកទៅបង្ហាញជូនអ្នកទស្សនាមកពីគ្រប់ ទិសទីលើពិភពលោកក្នុងព្រឹត្តិការណ៍ដង្ហែក្បួន “ឈីងហ្គេ”ដ៏ធំជាងគេនៅតំបន់អាស៊ី ដែលរៀបចំ ដោយសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរីក្រោមគំនិតផ្តួចផ្តើម របស់អតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ តាំង ពីឆ្នាំ១៩៧៣ ។ នេះតាមការឲ្យដឹងពី សំណាក់លោក សុខ សប្បាយណា ប្រធាន ក្រុមប្រឹក្សាភិបាល នៃក្បួនដង្ហែព្យុហយាត្រាកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៧នៅទីស្នាក់ការកណ្កាលសហភាពសហព័ន្ធយុវជនកម្ពុជា ។

លោក សុខ សប្បាយណា បានមាន ប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាទទួលបានការអញ្ជើញឲ្យចូលរួមពីសំណាក់ម្ចាស់ផ្ទះសិង្ហបុរី បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយសហគមប្រជាជនសាធារណរដ្ឋ សិង្ហបុរី ដោយភាគីសិង្ហបុរីបានអញ្ជើញកម្ពុជា ឲ្យនាំយកសិល្បករសិល្បការិនីដែលមានសក្តានុពល ទៅបង្ហាញជួនទស្សនិកជនក្នុង ព្រឹត្តិការណ៍ដង្ហែក្បួនឈីងហ្គេអន្តរជាតិដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីដែលមានចម្ងាយ ផ្លូវ៣៦០គីឡូម៉ែត្រ អមតាមមាត់ប្រឡាយ មាត់ព្រែក ដោយក្រុមសិល្បៈខុសគ្នាមកពី៣៤ប្រទេសនៅលើពិភពលោក ។

លោក សុខ សប្បាយណា បានឲ្យដឹង ទៀតថា ទស្សនីយភាពដែលកម្ពុជាគ្រោងនឹងនាំយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ ឈីងហ្គេមានចំណងជើងថា “សុខដុមក្នុងភាពចម្រុះផ្នែកវប្បធម៌” ដោយមានការចូល រួមពីសិល្បករសិល្បការិនីកម្ពុជាប្រមាណ៥០នាក់ រួមជាមួយថ្នាក់ដឹកនាំប្រតិភូ២៤នាក់សរុប៧៤នាក់ ដើម្បី បង្ហាញជូនទស្សនិកជនមកពីគ្រប់ទិសទី ក្រោមប្រធានបទ “អត្តសញ្ញាណវប្បធម៌ ការការពារវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ការអភិរក្សដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍដើម្បីអភិរក្ស”។

លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា មូល ហេតុដែលក្រសួងនាំយកកីឡាល្បុកត្តោទៅបង្ហាញជូនក្នុងព្រឹត្តិការណ៍ដង្ហក្បួនព្យុហយាត្រា ឈីងហ្គេ នៅប្រទេសសិង្ហបុរីនេះ ពីព្រោះបច្ចុប្បន្ន “ល្បុកត្តោកំពុងមានសកម្មភាពផុលផុសនៅទូទាំងប្រទេសដែរ ដូច្នេះវាជាគុណប្រយោជន៍ក្នុងប្រទេសដើម្បីយើង យកទៅធ្វើការផ្សព្វផ្សាយឲ្យមានចលនាឡើង ក្នុងនោះវាជាសិល្បៈដោយយើងយកក្បាច់ល្បុកត្តោដែលមានអ្នកសម្តែងសុទ្ធសឹងតែជាអ្នកសិល្បៈធ្លាប់មានបទពិសោធន៍ក្បាច់គុនល្បុកត្តោមែនទែនយកទៅកែច្នៃឲ្យវាទៅជាសិល្បៈពីព្រោះក្បាច់គុនយើងមានច្រើន ប៉ុន្តែយើងយកល្បុកត្តោដែលជាមេគុនមួយសម្រាប់យើងយកទៅបង្ហាញ អន្តរជាតិ” ។

ជុំវិញព័ត៌មានខាងលើនេះដែរ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុកត្តោកម្ពុជាបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានដំណឹងពីការនាំកីឡាល្បុកត្តោកម្ពុជាទៅបង្ហាញនៅប្រទេស សិង្ហបុរីចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ។

លោកវ៉ាត់ ចំរើន បានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តនាព្រឹកថ្ងៃទី៤ខែកុម្ភៈថា “ខ្ញុំអត់បានដឹងទេ តែកន្លងមក ខ្ញុំធ្លាប់ជួបតាមរយៈទូរស័ព្ទជាមួយតំណាងសហភាពសហព័ន្ធយុវជន កម្ពុជាដែរ ថាចង់នាំយកល្បុកត្តោចេញទៅសម្តែងនៅប្រទេសសិង្ហបុរី ប៉ុន្តែពុំទាន់ដឹងពេលវេលាជាក់លាក់នៅឡើយ”។ លោក បានបញ្ជាក់ថា “ខ្ញុំនឹងសួរទៅខាងសហភាព សហព័ន្ធយុវជនកម្ពុជាសិនព្រោះខ្ញុំអត់ដឹងពីរឿងនេះទេ”៕ សារីម

...

sarim (2) sarim (1) sarim (5) sarim (6) sarim (2) sarim (1) sarim (4) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print