ទិដ្ឋាការចូលអាមេរិករាប់សិបពាន់ត្រូវបានដកហូតវិញដោយសារតែច្បាប់ហាមប្រាមរបស់ប្រធានាធិបតី ត្រាំ ប៉ះពាល់ដល់ពលរដ្ឋមកពី៧ប្រទេសដែលកាន់សាសនាអ៊ិស្លាម។
លោក William Cocks អ្នកនាំពាក្យទទួលបន្ទុកកិច្ចការស្ថានទូតនៅក្រៅប្រទេស របស់ក្រសួងការបរទេសអាមេរិកបាន ប្រកាសឲ្យដឹងថា«ពេលនេះមានទិដ្ឋាការប្រមាណជិត៦មុឺននាក់បានដកហូតជា បណ្តោះអាសន្ន តាមបទបញ្ជារបស់ ប្រធានាធិបតី»។ ប៉ុន្តែកន្លងមកមេធាវីម្នាក់បាននិយាយថា មានទិដ្ឋាការជាង១សែននាក់បានដកហូត។ អ្នកនាំពាក្យខាងលើបានបញ្ជាក់ទៀតថាទិដ្ឋាការទាំងនោះនឹងផ្តល់ទៅឲ្យវិញ ដោយមិនចាំបាច់ដាក់ពាក្យសុំជាថ្មីឡើយក្រោយច្បាប់ហាមឃាត់បាន លុបចោលក្រោយ៩០ថ្ងៃ។
លោក William Cocks បានបញ្ជាក់ថា យើងនឹងផ្តល់ព័ត៌មានដល់អ្នកដំណើរទៅកាន់អាមេរិកក្រោយរយៈពេលត្រួតពិនិត្យ៩០ថ្ងៃ។ ច្បាប់ដែលប្រធានាធិបតី ត្រាំ បានអនុម័ត កាលពីសប្តាហ៍កន្លងមក ដោយហាមប្រាមពលរដ្ឋមកពី៧ប្រទេស ចូលអាមេរិកជាបណ្តោះអាសន្ន ក្នុងនោះ មានពលរដ្ឋមកពីប្រទេស អុីរ៉ង់ អុីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េម៉ែន ដោយ ច្បាប់ហាមប្រាមនោះមានសុពលភាពរយៈពេល៩០ថ្ងៃ។
ច្បាប់ហាមប្រាមទាំងនោះទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយចាត់ទុកថា ច្បាប់នោះជាការ ប្រកាន់ជាតិសាសន៍ និងសាសនា។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បានអះអាងថា នេះជាការពង្រឹងសន្តិសុខជាតិក្នុងរយៈពេល៣ខែដំបូងដែលលោកឡើងកាន់តំណែង ប៉ុណ្ណោះ ដើម្បីទប់ស្កាត់ក្រុមភេរវកម្មចូលទឹកដីអាមេរិកតាមរយៈជនភៀសខ្លួន៕ ម៉ែវ សាធី