ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលសហការជាមួយនគរបាលស្រុក/ក្រុងទាំង១១ ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញឿនក្នុងរយៈពេល៦ថ្ងៃបានចំនួន១៤ករណី ចាប់ខ្លួនជនសង្ស័យសរុប២០នាក់ ដកហូតថ្នាំញៀន១០០កញ្ចប់និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត បញ្ជូនមកកាន់សាលាដំបូងខេត្ដកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការរងទទួលផែនប្រឆាំងបទល្មើសលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានឲ្យដឹងថា អនុវត្ដតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុក/ក្រុងទាំង១១ ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹម ។ ជាលទ្ធិផលក្នុងរយៈពេល៦ថ្ងៃ(គិតត្រឹមថ្ងៃទី០១ រហូតដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧) សមត្ថកិច្ចនគរបាលបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន បានចំនួន១៤ករណី ចាប់ខ្លួនជនសង្ស័យ២០នាក់ ស្រី៤នាក់ ក្នុងនោះជនជាតិខ្មែរ១៧នាក់ ជនជាតិវៀតណាម៣នាក់ ។
លោកស្នងការរងបានបន្ដថា ក្នុងប្រតិបត្ដិការបង្រ្កាប១៤ករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០០កញ្ចប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង ,ដាវចំនួន០៣ដើម ,កាំបិតប៉័ងតោចំនួន០១ ,ដំបងពីរកំណាត់ចំនួន០១ ,ទូរស័ព្ទដៃចំនួន១៤គ្រឿង ,ម៉ូតូចំនួន០៣គ្រឿង ,ប្រាក់រៀលចំនួន១៤២០០រៀល ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេព(ជក់)គ្រឿងញៀនជាច្រើនទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ