ភ្នំពេញ ៖ គម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេនៅតំបន់អាស៊ីអាគ្នេយ៍ នឹងប្រកាសអនុវត្តនៅកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅសណ្ឋាគាររ៉ាហ្វ៉ល ឡឺរ៉ូយាល់ ។
ពិធីប្រកាសគម្រោងនេះនឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunford នាយិកាបេសកកម្ម នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងបណ្ឌិតZeb Hogan សាស្ត្រាចារ្យសាកលវិទ្យាល័យ Nevada-Reno ។
គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃ ទន្លេមេគង្គនិងប្រព័ន្ធអេកូឡូស៊ីរបស់វាដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ចនិងសុខភាពសង្គមនៃតំបន់អាស៊ីអាគ្នេយ៍ ។ ដោយប្រើប្រាស់បណ្តាញសង្គមនិងមធ្យោបាយផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយគម្រោង «អច្ឆរិយៈទន្លេ មេគង្គ» នឹងចែករំលែករឿងរ៉ាវជាច្រើនអំពីរបៀបដែលប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទាញយកប្រយោជន៍ពី ទន្លេមេគង្គនិងដៃទន្លេរបស់វា។ «អច្ឆរិយៈទន្លេមេគង្គ» ពឹងផ្អែកលើជំនាញពីស្ថាប័នស្រាវជ្រាវជាតិនិងអន្តរជាតិ ដែលឈានមុខគេរួមទាំងវិទ្យាស្ថានស្រាវជ្រាវជលផលនិងអភិវឌ្ឍន៍។ គម្រោងនេះនឹងកសាងភាពជាដៃគូស្ថាប័ននិងបង្កើតសម្ភារៈអប់រំដើម្បីជំរុញការស្រាវជា្រវពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូសុីនិងជីវចម្រុះទន្លេមេគង្គ។
អ្នកអនុវត្តសំខាន់សម្រាប់គម្រោងនេះគឺបណ្ឌិតZeb Hogan ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ រស់នៅនិងធ្វើការនៅតំបន់ទន្លេមេគង្គ។ បណ្ឌិតHogan ត្រូវបានគេស្គាល់តាមរយះការធ្វើជាម្ចាស់កម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild ដែលធ្វើដំណើរជុំវិញពិភពលោកស្រាវជ្រាវរកប្រភេទ ត្រីចម្លែកៗ។ អ្នកអនុវត្តគម្រោងមួយទៀតនោះគឺបណ្ឌិតSudeep Chandra នៃសាកលវិទ្យាល័យ Nevada-Reno។ ការងាររបស់បណ្ឌិតSudeep Chandra ផ្តោតទៅលើការអភិរក្សនិងការស្តារប្រព័ន្ទអេកូឡូស៊ីក្នុងទឹក ដោយមានគោលបំណងធ្វើអោយគោលនយោបាយបរិស្ថានបានប្រសើរឡើង ។ វាគ្មិននឹងឆ្លើយសំណួរអ្នកសារ ព័ត៌មាន បន្ទាប់ពីកម្មវិធីបញ្ចប់ ។
សមាជិកអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមកម្មវិធីនេះ សូមចុះឈ្មោះជាមួយនឹងផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីមែល [email protected]អោយបានមុខម៉ោង ១១ព្រឹក ថ្ងៃទី៧កុម្ភះឆ្នាំ ២០១៧ ៕