អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បញ្ជាក់ថា ការខ្វះធនធានស្ត្រីក្នុងវិស័យកីឡាដោយសាររបាំងប្រពៃណី

ចែករំលែក៖

ភ្នំពេញ៖ បើទោះសម័យបច្ចុប្បន្នហាក់ មានភាពស៊ីវីល័យតាមការវិវត្តនៃសង្គម និងភាពសម្បូរបែបក៏ពិតមែន ប៉ុន្តែផ្នត់គំនិត ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែរក្សាតម្លៃវប្បធម៌ ប្រពៃណីបុរាណទំនៀមទម្លាប់ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ តួយ៉ាងដូចការលើកឡើងរបស់លោកអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បានចាត់ទុកថា ការខ្វះខាតធនធានមនុស្ស ពិសេសស្ត្រីក្នុងវិស័យកីឡាគឺជារបាំងប្រពៃ ណីដ៏ក្រាស់ដែលដូនតាខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ។ ដើម្បីតាមទាន់ការរីកចម្រើនរបស់វិស័យកីឡាទូទាំងពិភពលោកប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញលើកទឹកចិត្តកីឡាករកីឡាការិនីដោយផ្តល់ជូនកិត្តិយស និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹក សន្ធាប់តាមរយៈការឈ្នះជ័យលាភីពីលើឆាកអន្តរជាតិនានាដូចដែលបានឃើញនាពេលកន្លងទៅ ។

លោក គង់ រិទ្ធី យ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF ស្ទីលកូរ៉េ ខាងជើងមានប្រសាសន៍ថា សហព័ន្ធមានផែនការយុទ្ធសាស្ត្រថ្មីសម្រាប់បន្តអភិវឌ្ឍន៍កីឡាតេក្វាន់ដូ ITF ដោយធ្វើយ៉ាងណាជំរុញនិងទាក់ទាញស្ត្រីឲ្យចូលហ្វឹកហាត់ជាមួយសហព័ន្ធឲ្យបានច្រើនពិសេសលើវិញ្ញា ប្រយុទ្ធ ខណៈដែលស្ត្រីត្រូវរបាំងប្រពៃណី រាំងខ្ទប់ពីសំណាក់អាណាព្យាបាលហាមឃាត់មិនឲ្យចូលហ្វឹកហាត់កីឡា ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធគឺធ្វើយ៉ាងព្យាយាមពន្យល់មាតាបិតាកីឡាការិនីឲ្យបាន ស៊ីជម្រៅពាក់ព័ន្ធអត្ថប្រយោជន៍ដែលបានមកពីការហ្វឹកហាត់កីឡាតេក្វាន់ដូ ITF ដូចជាការលេងកីឡាដើម្បីសុខភាពជៀសឆ្ងាយពីរឿងញៀនសេពគប់ មិត្តភក្តិមិនល្អទាំងអស់នេះគឺជាលទ្ធផលវិជ្ជមានដែលកូនៗ របស់ពួកគាត់ទទួលបានពីការហាត់កីឡា ។ ជាងនេះទៀត កីឡាករកីឡាការិនីត្រូវបានចាត់ទុកជាទូតដ៏មានប្រសិទ្ធភាពក្នុងទំនាក់ទំនងរវាងប្រជាជនប្រទេសមួយទៅប្រជាជនប្រទេសមួយទៀត ។

លោកអគ្គលេខាធិការរូបនេះបានអំពាវនាវឲ្យមាតាបិតា ពិសេសស្ត្រីខ្លួនឯងត្រូវមានចិត្តក្លាហានឡើង ដើម្បីចូលរួមហ្វឹកហាត់ សម្រាប់មុខមាត់ខ្លួនឯងនិងប្រទេសជាតិ ដែលបានមកពីការប្រកួតប្រជែងជាមួយ បណ្តាប្រទេសផ្សេងៗលើសកលលោក។ លោកបញ្ជាក់បន្ថែមថា ចាប់ពីខែកញ្ញានេះតទៅសហព័ន្ធកីឡាតេក្វាន់ដូITF នឹងបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាតេក្វាន់ដូកម្រិតពិភពលោកលើកទី២០នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើងហើយសម្រាប់ការទៅចូលរួមនេះសហព័ន្ធគ្រោងបញ្ជូនកីឡាករកីឡាការិនីចូលរួមប្រកួតគ្រប់វិញ្ញាសាបើសិនមានលទ្ធភាពគ្រប់គ្រាន់។ លោកបានបន្ថែមថា កីឡាករកីឡាការិនីថ្នាលត្រូវបានក្រសួងសម្រេចផ្តល់ជូនសហព័ន្ធឲ្យជ្រើសរើសចូលរួមហ្វឹកហាត់ត្រៀមមាន៦នាក់ប្រុស៤នាក់ និងស្ត្រី២នាក់ ពួកគេជ្រើសចេញពីការ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី ប្រធានកិត្តិយស សហព័ន្ធកីឡាតេក្វាន់ដូ ITF បានទទួលស្គាល់ថា កីឡាករកីឡាការិនីដែលហ្វឹកហាត់ត្រៀមទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងនេះ គឺកម្រិតបច្ចេកទេសប្រកួតនៅមានកម្រិត ដូច្នេះចាំបាច់គ្រូបង្វឹកត្រូវជំរុញនិងកែតម្រូវបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យត្រឡប់មកវិញ នាំយកមេដាយមកជូនជាតិ ៕  សារីម

photo6104667189853398976 photo6107258167529416618

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print