ភ្នំពេញ ៖ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គប្រកួតជម្រុះ១៦នាក់ដំណាក់កាលទី២កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កីឡាករ បឺត សង្ឃឹម មកពីក្លិប រាហាប់ស្វាយប៉ាក់ និងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរអាវុធគីមី សុទ្ធតែទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយដូចគ្នានៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា។ សម្រាប់កីឡាករទាំង២នាក់នេះ ពួកគេទំនងត្រូវផ្គូផ្គងឲ្យជួបប្រកួតគ្នាក្នុង វគ្គ៨នាក់ដើម្បីឆ្លងចូលដំណាក់កាលទី៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
ចំពោះអ្វីដែលកីឡាករទាំង២នាក់ទទួលបាននាពេលនេះ គឺកើតចេញពីភាពវៃឆ្លាត ប៉ិនប្រសប់និងការខិតខំប្រឹងប្រឺងព្យាយាមហ្វឹកហាត់ជាប្រចាំ ។ ជាក់ស្តែងកីឡាករ ជ័យ ប៊ុនសង់ បានប្រកួតឈ្នះកីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ ។ ប៉ុន្តែជ័យជម្នះនេះបានទាំងលំបាកបំផុត ព្រោះទឹកទី១ ប៊ុនសង់ ត្រូវ តាំង សីហា វាយដួលត្រូវអាជ្ញាកណ្តាលរាប់ដល់៨ម្តង ។ ក្រោយមកប៊ុនសង់ក៏ស្រោចសង់បានមកវិញតាមរយៈការប្រើស្នៀត កណ្តាប់ដៃ និងជង្គង់ ខណៈការប្រកួតនេះ មានតែ៣ប៉ុណ្ណោះ ។
ដោយឡែក កីឡាករបឺត សង្ឃឹម ក៏ឈ្នះកីឡាករ វៀត ប៊ុនឌឿនមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយ ពិន្ទុប្រផុតប្រផើយដែរ ។ សកម្មភាពប្រកួត ៣ទឹក បឺត សង្ឃឹម ហាក់មានប្រៀបផ្នែក បច្ចេកទេស ប៉ុន្តែពួកគេទាំង២នាក់បានប្រើគ្រប់មធ្យោបាយដើម្បីវាយបកសគ្នាទៅវិញទៅមក។ បឺត សង្ឃឹម ប្រើស្នៀត វាយចេញដូចជា ជង្គង់ កណ្តាប់ដៃ និងកែង បានចំគោលដៅល្អ ខណៈប៊ុនឌឿនវាយសងដោយស្នៀតកែងមួយៗនិងជើងទាត់ ធាក់សងវិញ ។
គួររំលឹកថា កីឡាករទាំង៨នាក់ដែលត្រូវឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយមានដូចជា ឌុម កែវដប, ឡុង សំណាង, លាស់ យីន, ស៊ឹម វណ្ណដេត, វេង សុភ័ក្រ, ឃីម បូរ៉ា, បឺត សង្ឃឹម និង ជ័យ ប៊ុនសង់ ។ ចំពោះតំណែងជើងឯកពានរង្វាន់ TV5 KNOCK OUT SERIE ទម្ងន់៦០គីឡូក្រាម ទទួលបានប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ អមជាមួយពានរង្វាន់១ ៕ សារីម