ខេតឧត្តរមានជ័យ ៖ ” ទឹក ផ្លូវ ភ្លើង មនុស្ស ” គឺជាវិស័យអាទិភាព ដែលកម្ពុជា ត្រូវអភិវឌ្ឍ ដើម្បីជរុញកំណើនសេដ្ឋកិច្ចនិង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អនុវត្តតាមទស្សនវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋា ភិបាលបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មនូវការកសាង និងជួសជុល ស្តារ ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទាំងធំ ទាំងតូច ទាំងមធ្យម ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ។
ស្ទឹងស្រែង គឺជាស្ទឹងមួយដែលប្រមូលយកទឹកភ្លៀងដែលបានធ្លាក់នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបនៅក្នុងខេត្តឧត្តរមានជ័យ ឲ្យហូរចូលទៅបឹងទន្លេសាប ។ ប៉ុន្តែដោយផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងនេះ មានវិសាលភាពធំធេង ហើយទឹកភ្លៀងក៏ធ្លាក់ច្រើនជោកជាំ ជារឿយៗស្ទឹងស្រែង បង្កឲ្យមានទឹកជំនន់ ធ្វើឲ្យប៉ះពាល់និងខូចខាត ដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ សង្គមផ្សេងៗនារដូវវស្សា។ផ្ទុយទៅវិញនៅ រដូវប្រាំង ប្រជាពលរដ្ឋប្រឈមនឹងកង្វះខាត ទឹក។
ដើម្បីកាត់បន្ថយគ្រោះធម្មជាតិខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអភិវឌ្ឍស្ទឹងស្រែង ដោយបានសាងសង់អាងទឹកដ៏ធំមួយ ដែលអាចស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប សាងសង់សំណង់កាត់ស្ទឹង ដើម្បីបញ្ចាល់ និងបែងចែកទឹកទៅអាងទឹកត្រពាំងថ្ម និងទៅតាមប្រឡាយមេ ប្រឡាយរងតូចធំនានា បម្រើឲ្យការដាំដុះរបស់បងប្អូនប្រជាកសិករ។
មកដល់ពេលនេះ ការអភិវឌ្ឍស្ទឹងស្រែង សម្រេចបានប្រមាណ៩៩ ភាគរយហើយ។ តាមរយៈការអភិវឌ្ឍនេះ នឹងទទួលបាន ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវ វស្សាប្រមាណ ២២.៥០០ ហិកតា និងស្រូវ ប្រាំង ២២.៥០០ ហិកតា ដំណាំរួមផ្សំមួយចំនួននៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមាន ជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀម រាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពិសេស គឺកាត់បន្ថយបាននូវទឹកជំនន់នារដូវវស្សា ហើយសង្ឃឹមថា អាងទឹក ស្ទឹងស្រែង ក៏នឹងក្លាយទៅជាតំបន់ទេស ចរណ៍ ធម្មជាតិដ៏ស្រស់ត្រកាលថ្មីមួយទៀតផងដែរ ៕