ខេត្តកណ្តាល ៖ ទំនាស់ជារឿយៗដែលផ្តើមចេញពីបញ្ហាព្រំដី បានក្លាយជាអំពើហិង្សា ដោយភាគីម្ខាងបានយក ដំបងឈើជ្រុងវាយទៅលើភាគីម្ខាង បណ្ដាលអោយបែកក្បាលហូរឈាម ខណៈដែលគេដឹងថា ជនរងគ្រោះស្រវឹងស្រា និយាយដៀម ដាមដាក់ទៅលើជនសង្ស័យជាញយដង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រំដីផ្ទះរបស់ឈ្មោះ ទ្រី ស៊្រាន ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទ្រី ស៊្រាន ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាកសិករ ។ បានរងរបួសត្រង់ចំហៀងក្បាល ផ្នែកខាងឆ្វេង ដេរចំនួន៨ថ្នេរ ។ ចំណែកជនបង្កហេតុឈ្មោះ នួន នាង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។
អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ គឺជាអ្នកជិតខាងមានផ្ទះនៅជាប់របងគ្នា ។ រយៈកាលកន្លងមក អ្នកទាំងពីរធ្លាប់មានទំនាស់ពាក្យសម្ដីនិងគ្នាជារឿយៗយូឆ្នាំមកហើយ ដែលផ្ដើមចេញពីបញ្ហាព្រំដី ។ លុះនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៥ និង៣០នាទី ជនសង្ស័យត្រឡប់ពីចម្ការមកដល់ផ្ទះវិញ ពេលនោះជនរងគ្រោះដែលស្ថិតក្នុងសភាពស្រវឹងស្រាផង បានស្រែកឡូឡាដៀមដាមទៅលើជនរងគ្រោះ រួចក៏បានទាក់ពាក្យសម្ដីគ្នា រហូតធ្វើអោយជនសង្ស័យទប់កំហឹងលែងបាន ក៏ទាញយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្ដាលអោយបែកក្បាលហូរឈាមតែម្ដង ។ ភ្លាមនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាល និងរាយការណ៍មកនគរបាលប៉ុស្ដិ៍ជ្រោយតាកែវចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងភ្លាម នគរបាលប៉ុស្ដិ៍បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ នួន នាង បានសារភាពថា ខ្លួនពិតជាបានយកដំបងឈើជ្រុង វាយទៅលើឈ្មោះ ទ្រី ស៊្រាង ចំនួន១ដំបងបណ្ដាលអោយបែកក្បាលប្រាកដមែន ។ ជនសង្ស័យបញ្ជាក់ទៀតថា ដោយសារជនរងគ្រោះចេះតែនិយាយឌៀមដាមដាក់ខ្លួនញយដងពេក ទើបទប់កំហឹងមិនបាន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការបន្តតាម នីតិវិធី ៕ ស្អាងជ័យ