ខេត្តបាត់ដំបង៖ បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសង្កែឃាត់ខ្លួន ក្រោយពីបុរសរូបនោះបានប្រើអំពើហិង្សាវាយទាត់ធាក់អតីតប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងដំណំ។ បន្ទាប់ពីបុរសដៃដល់មកសុំលុយអតីតប្រពន្ធស្រ្តីរងគ្រោះមិនបានដើម្បីយកទៅទិញស្រាផឹក។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍ពីនគរបាលស្រុកសង្កែប្រាប់ឱ្យដឹងថា បុរសដៃដល់ឈ្មោះ ផន ហូ អាយុ៤៨ឆ្នាំ ត្រូវបានស្រ្តីរងគ្រោះ ដែលជាអតីត ប្រពន្ធ មានឈ្មោះ ខាន់ សុខា អាយុ៤៣ឆ្នាំ រស់នៅភូមិបាសែន ឃុំ តាប៉ុនស្រុកសង្កែ លែងលះចោលជាយូរមកហើយ ដោយសារបុរសរូបនោះគ្មានជួយកិច្ចការងាររកស៊ី គិតតែផឹកស្រាស្រវឹងខួបពីមួយថ្ងៃទៅមួយថ្ងៃ។
នៅថ្ងៃកើតហេតុបុរសឈ្មោះផន ហូ បានឃើញអតីតប្រពន្ធនៅចំណុចភូមិឃុំខាងលើ ហើយ ក៏ទៅសុំលុយពីអតីតប្រពន្ធ ដើម្បីទិញស្រាផឹក ប៉ុន្តែអតីប្រពន្ធមិនឱ្យថែមទាំងជេរដៀល ដល់បុរសនោះទៀតផង។បុរសនោះក៏ប្រើអំពើហិង្សាវាយទាត់ទាក់ទៅលើស្រ្តីរងគ្រោះតែម្តង។ បុរសដៃដល់នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា