ខ្សែការពារ Philipp Lahmដែលជា ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើង ឯក World Cup បានប្រកាសថា គាត់នឹង ចូលនិវត្តន៍ក្រោយចប់រដូវកាលនេះហើយថែមទាំងមិនទទួលយកតំណែងជាអគ្គ នាយកផ្នែកកីឡានៅក្នុងក្លិបBayern Munich ទៀតផង ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយក្រោយក្រុម Bayern Munich យកឈ្នះ Wolfsburg ដោយលទ្ធផល 1-0 នៃកម្មវិធី អាល្លឺម៉ង់Cupថា “ខ្ញុំបានសម្រេចចិត្តហើយថានឹងឈប់លេងបាល់ទាត់ទៀតនៅពេលចប់រដូវកាលនេះ។ ខ្ញុំអាចបញ្ជាក់ថាខ្ញុំនៅលេងបានក្នុងរដូវកាលនេះប៉ុន្តែពេលចប់ រដូវកាលខ្ញុំមិនអាចបន្តលេងទៀតបានទេ។ ខ្ញុំចាប់ផ្តើមគិតចំពោះការចូលនិវត្តន៍តាំងពីឆ្នាំមុនមកម្លេ៉ះ។ ខ្ញុំពិតជាស្រលាញ់បាល់ទាត់ ហើយវាបានផ្តល់អ្វីៗយ៉ាងច្រើនសម្រាប់ខ្ញុំ ប៉ុន្តែនៅលើលោកគ្រប់យ៉ាងសុទ្ធតែមាន ទីបញ្ចប់” ។
មិនត្រឹមតែប៉ុណ្ណោះ Philipp Lahmក៏ បានពន្យល់ពីហេតុផលដែលគាត់បដិសេធ តំណែងនៅក្នុងក្លិប Bayern Munich ថា “យើងបានពិភាក្សាគ្នាច្រើនណាស់ហើយចុងក្រោយខ្ញុំសម្រេចចិត្តមិនទទួលតំណែង ដោយសារតែវាមិនទាន់ដល់ពេលត្រឹមត្រូវសម្រាប់ខ្ញុំ។ ខ្ញុំត្រូវចំណាយពេលវេលាឯក ជនរបស់ខ្ញុំយកចិត្តទុកលើរឿងមួយចំនួន”។
គួររំលឹកថា Philipp Lahm មកលេង ឲ្យក្លិប Bayern Munich ចាប់តាំងពីគាត់ មានអាយុ១១ឆ្នាំ ក្នុងឆ្នាំ១៩៩៥ ហើយ បង្ហាញខ្លួនឲ្យក្លិបយក្សរបស់អាល្លឺម៉ង់នេះចំនួន៥០០ប្រកួត។ គាត់ធ្លាប់ជួយក្លិប Bayern ឈ្នះជើងឯកពានបីក្នុងឆ្នាំ២០១៣ គឺ Champions League អាល្លឺម៉ង់Bunesliga និងអាល្លឺម៉ង់Cup ។
ចំណែកជោគជ័យនៅក្នុងជម្រើសជាតិអាល្លឺម៉ង់វិញគាត់បានជួយក្រុមឥន្ទ្រីចំពុះដែកឈ្នះ World Cup ឆ្នាំ២០១៤ក្នុង ប្រទេសប្រេស៊ីល ៕ ដេវីត