កាលពីថ្ងៃទី៧ ខែកុម្ភៈ មេដឹកនាំសាសនាអីុរ៉ង់ដែលមានឥទ្ធិពលបំផុតនៅក្នុង ប្រទេសគឺលោក Ali Khamenei បានថ្កោល ទោសដល់ការសម្រេចរបស់អាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ក្រោយការ សាកល្បងកាំជ្រួចមីស៊ីល។ ទន្ទឹមនឹងនោះលោកបានចាត់ទុកប្រធានាធិបតី ត្រាំ គឺ ជាមុខមាត់ពិតរបស់អាមេរិក។
នៅក្នុងសុន្ទរកថាដំបូងចាប់តាំងពីប្រធានាធិបតី ត្រាំ ឡើងកាន់តំណែងលោក Khamenei បានអំពាវនាវឲ្យពលរដ្ឋអីុរ៉ង់ ចូលរួមដង្ហែក្បួនព្យុហយាត្រានៅថ្ងៃទី១០ ខែកុម្ភៈខាងមុខក្នុងឱកាសខួបអនុស្សាវរីយ៍ ថ្ងៃបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ឆ្នាំ១៩៧៩ នឹង បង្ហាញការមិនភ័យខ្លាចចំពោះការគំរាម កំហែងពីអាមេរិក។
មានប្រសាសន៍ទៅកាន់មេបញ្ជាការ កងទ័ពនៅទីក្រុងតេអីុរ៉ង់លោក Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «យើងដឹងគុណ ដល់លោក ត្រាំ ដែលបានធ្វើឲ្យយើងបានដឹងនូវធាតុពិតរបស់អាមេរិក» ។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេស អីុរ៉ង់លោក Mohammad Javad Zarif បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនពិភាក្សា ឡើងវិញទៅលើកិច្ចព្រមព្រៀងបរមាណូដែលលោកត្រាំបានបញ្ជាក់ថា ជា «កាដូ»សម្រាប់ប្រទេសសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់។
ពាក់ព័ន្ធនឹងករណីដាក់ទណ្ឌកម្មរបស់អាមេរិកប្រទេសអុីរ៉ង់បានប្រកាសពីការប្ដេជ្ញាសងសឹកចំពោះសហរដ្ឋអាមេរិកបន្ទាប់ពីបានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើអុីរ៉ង់ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កន្លង ទៅស្របពេលដែលបណ្ដាប្រទេសក្នុងពិភព លោកមានបំណងចង់លុបបំបាត់អាវុធ ប្រល័យលោក និងនុយក្លេអ៊ែរ។
ទណ្ឌកម្មថ្មីមួយនេះជាលើកដំបូង ហើយដែលដាក់ទៅលើប្រទេសនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែង។ កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីថ្មីរូបនេះបានបង្ហាញ ពីជំហរតឹងរ៉ឹង ចំពោះប្រទេសអុីរ៉ង់ដោយ បានលើកឡើងក្នុងបណ្ដាញសង្គម Twitter ឲ្យដឹងថា “អុីរ៉ង់កំពុងប្រលែងលេង ជាមួយភ្លើងពួកគេមិនបានកោតសរសើរ ទឹកចិត្តល្អរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅលើពួកគេ មិនមែនខ្ញុំនោះទេ”៕
ប្រែសម្រួល៖ ម៉ែវ សាធី