ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីជនសង្ស័យម្នាក់ បានឡើងទៅលើដំបូលក្រសួងពាណិជ្ជកម្មចាស់ បម្រុងលួចទ្រព្យសម្បត្តិ តែត្រូវអ្នកដំណើរឃើញស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យប្រុងរត់ រួចជ្រុលជើងធ្លាក់ពីលើអគារជាន់ទី២ ត្រូវប្រជាពលរដ្ឋចាប់បាន វាយហើយទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្រសួងពាណិជ្ជកម្មចាស់ តាមបណ្ដោយផ្លូវ ព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ដា អាយុ១៥ឆ្នាំ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញជនសង្ស័យ បានឡើងទៅលើអគារក្រសួងពាណិជ្ជកម្មចាស់ ហើយនៅពេលមានប្រជាពលរដ្ឋឃើញស្រែកចោរៗ ក៏ធ្វើឲ្យជនសង្ស័យភ័យរត់ធ្លាក់ពីលើអគារជាន់ទី២ មកក្រោមដី ហើយប្រជាពលរដ្ឋចាប់បានវាយមា្នក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច។
ចំណែកឯជនសង្ស័យ ក្រោយសមត្ថកិច្ចឃាត់ខ្លួន ក៏បានឆ្លើយសារភាពថា ខ្លួនមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ហើយគេបញ្ជាឲ្យឡើងលួចទ្រព្យសម្បត្តិ ដើម្បីយកលុយទៅទិញថ្នាំជក់ទាំងអស់គ្នា ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ផ្សារចាស់ ឃាត់ខ្លួនយកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ ស តារា